(សៀមរាប)៖ លោកយាយ ៧១ឆ្នាំម្នាក់ នៅស្រុកសូទ្រនិគម ដែលត្រូវបានឃាតករសម្លាប់ប្លន់យកទ្រព្យសម្បត្តិ កាលពីពេលកន្លងទៅនោះ ពេលនេះឃាតករ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បានតាមប្រមាញ់ចាប់ខ្លួនបានហើយ។

ករណីឃាតកម្មនេះកើតហេតុនៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ទៅលើលោកយាយ ឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ-ខាងលើ ។ បន្ទាប់ពីមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ ទើបឈានដល់ការឃាត់ខ្លួនឃាតករនេះបាន នៅរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដាក់ផ្ក ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមការសាកសួរជនសង្ស័យបានសារភាពថា គាត់ពិតជា បានប្រព្រិត្តបទល្មើសខាងលើពិតប្រាកដមែន មូលហេតុដែលគាត់សម្លាប់លោកយាយខាងលើ ព្រោះខ្លួនលេងល្បែង និងជំពាក់ប្រាក់គេច្រើនវ័ន្តករ ទើបដាច់ចិត្តសម្លាប់គាត់ប្លន់យកប្រាក់សងបំណុលគេ។

ជនសង្ស័យបានសារភាពទៀតថា៖ ទ្រព្យសម្បត្តិដែលយកបានរួមមាន: មាសសន្លឹក ចំនួន៣តម្លឹង, ខ្សែកមាសមួយខ្សែ ទម្ងន់១តម្លឹង, ចិញ្ចៀនមាស២វង់ ទំងន់ ២ជី និងលុយចំនួន៧លានរៀល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕