(ខេត្តកណ្ដាល)៖ អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យអាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់ ដែលស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ជាបណ្ដោះអាសន្ន និងបញ្ជារឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ជាបន្តទៀត។ នេះបើយោងតាមហ្វេសប៊ុកផេក របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបង្ហោះសារនៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលឯកឧត្តមបានដឹកនាំក្រុមការងារពាក់ព័ន្ធចុះត្រួត ពិនិត្យការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក បឋមសិក្សាព្រែកតាពៅ សង្តាត់ដើមមៀន ក្រុងតាខ្មៅ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖​ ​ការផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ខាងលើជាបណ្តោះអាសន្ននេះ គឺដើម្បីធានាថា​ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ-១៩ និង​បានសុំការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ព្រោះដើម្បីធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ចិកា រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានទៅលេងម្ដាយនៅស្រុកកណ្ដាលស្ទឹងនោះ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមអញ្ជើញទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។

សូមបញ្ជាក់ថា៖ យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន ០៧នាក់ និងដោយប្រយោលចំនួន ៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបានរៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។