ភ្នំពេញ៖ នៅថ្ងៃស្អែកនេះនេះ គឺជាកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាឆ្នាំទី០៨ ដែលរៀបចំធ្វើនៅក្នុងបរិវេណបណ្ណាល័យជាតិក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ កំពុងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយអស់រយៈពេល៧ឆ្នាំមកហើយ ដោយប្រមូលផ្តុំទៅដោយអ្នកនិពន្ធ អ្នកបោះពុម្ពសៀវភៅ និងអ្នកអាន បានមកជួបជុំគ្នា ដើម្បីចែករំលែកនូវចំណេះដឹងថ្មីៗ និងដើម្បីជំរុញវប្បធម៌នៃការអានសៀវភៅនៅកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជុំវិញចំណាប់អារម្មណ៍របស់លោកក្នុងព្រឹត្តិការណ៍នៅចុងឆ្នាំនេះ លោកបានថ្លែងថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជានេះ គឺជាវេទិកាដ៏ធំមួយរបស់កម្ពុជា បន្ទាប់ពីទិវាជាតិអំណាច ថ្ងៃទី ១១ មីនា។
គួររំលឹកថា ពិព័រណ៍សៀវភៅដែលរៀបចំឡើងជារៀងរាល់ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១១ មកដល់ពេលនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសៀវភៅដែលមានជាភាសាខ្មែរ ឬភាសាដទៃ ជាពិសេសនោះគឺសៀវភៅអំពីកម្ពុជា និងសៀវភៅកុមារ។ ពិព័រណ៍សៀវភៅនេះក៏រៀបចំឡើងដើម្បី គាំទ្រទៅដល់អ្នកនិពន្ធខ្មែរ វិស័យឧស្សាហកម្មបោះពុម្ពនៅកម្ពុជា ជំរុញចំណង់ចំណូលចិត្តយុវជនជំនាន់ក្រោយៗឱ្យស្រលាញ់ការនិពន្ធ ព្រមទាំងបណ្ដុះទម្លាប់នៃការអានផងដែរ។ កាលពីឆ្នាំ២០១១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិព័រណ៍សៀវភៅជាលើកដំបូងក្រោមប្រធានបទ “រួមគ្នាអានដើម្បីអភិវឌ្ឍន៍” ។

សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅលើកទីប្រាំបីនេះ ក្រោមប្រធានបទ “ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ” ធ្វើឡើងរយៈពេល បីថ្ងៃគឺ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបណ្ណាល័យជាតិ រាជធានីភ្នំពេញ៕
