(បន្ទាយមានជ័យ)៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឌុច លាងហេង ភេទប្រុស អាយុ២៣ឆ្នាំ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យស្ដីពីករណីលួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់នៅថ្ងៃទី០៧/១២/២០២០ នៅចំណុចបុរីមានជ័យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភ័ណ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ ព្រមទាំងដកហូតបានទុយោស្ពាន់ចំនួន០១ដុំ ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី បានឱ្យដឹងថា ក្រោយពីសាសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចកាត់ទុយោម៉ាស៊ីនត្រជាក់ខាងលើនេះពិតប្រាកដមែន ហើយក៏ធ្លាប់លួចពីមុនមកច្រើនដងផងដែរ។ ដោយបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ឌ បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕ ដោយ៖ លោក សន់