(ព្រៃវែង)៖ ពិតជារន្ធត់ពេកហើយ.ស្ដ្រីមានផ្ទៃពោះវ័យ ២២ឆ្នាំម្នាក់បានស្លាប់ រួមនិងកូននៅក្នុងផ្ទៃ។
បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា៖ សពស្ដ្រីរងគ្រោះឈ្មោះ អៀង ចិត្រ អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រៃភ្លង ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ស្ដ្រីរូបនេះបានដាច់ខ្យល់ស្លាប់ តាមផ្លូវពេលបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលនិងសម្ភព ឃាង សុឃឿន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង កាលពីវេលាម៉ោង១១.៣០នាទីព្រឹក ថ្ងៃទី០៧.១២.២០២០។
បើតាមគ្រួសាររងគ្រោះបាននិយាយថា៖ ដើមចមដំបូង កាលពីថ្ងៃល្ងាចថ្ងៃទី០៦.១២.២០២០។
ស្ដ្រីរងគ្រោះបានឈឺពោះ ហើយក្រុមគ្រួសារបាននាំទៅសម្រាលកូននៅមន្ទីរសម្រាកព្យាបាលនិងសម្ភព.ឃាងសុឃឿន ត្រង់ចំណុចខាងលើ។
ជាមួយគ្នានោះ ខាងមន្ទីរសម្រាកព្យាបាលនិងសម្ភព ឃាងសុឃឿនក៏បានពិនិត្យអេកូ និងរៀបចំឱ្យសម្រាកនៅទីនោះបាន១យប់ ដើម្បីសម្រាលកូន។ រហូតដល់ព្រឹកថ្ងៃទី០៧.១២.២០២០ នារីរងគ្រោះនៅតែពុំទាន់សម្រាលកូនទៀត ដោយអាការៈធ្វើទុក្ខខ្លាំងតាំងពីយប់ដល់ព្រឹក ឡើងសោះខ្យល់ទន់ដៃជើង ព្រោះប្រឹងសម្រាលតាមបែបធម្មជាតិសម្រាប់កូនទី៣នេះ។
លុះដល់ម៉ោងកើតហេតុខាងលើ ក្រុមគ្រូពេទ្យបានដឹកបញ្ជូនស្ដ្រីរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ហើយនាងបានដាច់ខ្យល់ស្លាប់តាមផ្លូវ ទាំងកូននៅក្នុងផ្ទៃ ប៉ុន្តែក្រុមគ្រួសារមិនអស់ចិត្ត ក៍បន្តដឹកទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ពេលនោះក្រុមគ្រូពេទ្យបានពិនិត្យដោយឃើញថា៖ នាងស្លាប់ហើយ ទើបអោយរថយន្តដឹកសពមកផ្ទះវិញ។
លុះមកដល់ផ្ទះ ក្រុមគ្រួសារសព បានទៅហៅពេទ្យនៅទៀនភ្លើង មកវះពោះសពស្ដ្រីរងគ្រោះយកកូនចេញ ដើម្បីដាក់ចូលមឈូស ធ្វើបុណ្យតាមប្រពៃណី។
ទន្ទឹមនិងនោះភាគីមន្ទីរសម្រាកព្យាបាលនិងសម្ភព ឃាង សុឃឿន ក៏បានតាមសម្របសម្រួលចូលបុណ្យសពជាង២ លានរៀលផងដែរ។
ជុំវិញករណីនេះ មន្ទីរសម្រាកព្យាបាល និងសម្ភព ឃាង សុឃឿន នៅរសៀលថ្ងៃទី០៩.១២.២០២០ បានបដិសេធមិនបកស្រាយទេ ដោយឆ្លើយថា៖ សូមសួរទៅខាងគ្រួសាររងគ្រោះ និងលោកអភិបាលស្រុកស្វាយអន្ទរ ទៅនឹងដឹងហើយ..!។
លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានថ្លែងថា៖ សូមសួរទៅជំនាញទើបគេច្បាស់។
រីឯលោក ហួ ដារ ប្រធានការិយាល័យសុខាភិបាលស្រុកស្វាយអន្ទរ បានថ្លែងទទួលស្គាល់ថា៖ ពិតជាមានស្ដ្រីម្នាក់សម្រាលកូនស្លាប់មែន ។
ចំពោះសំនួរថា៖ តើការស្លាប់នោះមកពីបញ្ហាបច្ចេកទេសពេទ្យឬយ៉ាងណា? លោកសូមមិនបកស្រាយទេ!។
ដោយ៖ ធឿង វុទ្ធី