( កំពង់ស្ពឺ)៖ នគរបាលខេត្តកំពង់ស្ពឺ កោះហៅបុរសម្នាក់ ដើម្បីយកមកសាកសួរ ករណីប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ បង្ហោះលើបណ្ដាញសង្គម កាលពីរសៀល ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ ។
យោងតាមក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្រោយពីពិនិត្យឃើញមានការផ្សព្វផ្សាយ និងការចែករំលែកបន្តបន្ទាប់ លើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងបុរសម្នាក់ ប្រើប្រាស់ឯកសណ្ឋាន មន្ត្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សយ ជាសាធារណៈនោះ នគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវដើម្បីស្វែងរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ឯកសណ្ឋាននគរបាលនោះ ។
រហូតមកដល់រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់អត្តសញ្ញាណបុរសខាងលើ និង ឈានដល់ការកោះអញ្ជើញបុរសម្នាក់នោះ មកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ផាន សុភក្ដី ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខរបរ ជាងកាត់សក់ នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានឆ្លើយសារភាព និងទទួលស្គាល់ថាៈ ” ឯកសណ្ឋាននគរបាលជាតិ ( អាវ នោះ ) គឺជាកម្មសិទ្ធិ លោក ឧត្ដមសេនីយ៍ត្រី ង៉ាម រី ជាស្នងការរង ទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដែលកាលពីថៃ្ងទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីព្រឹក កន្លងទៅលោក ឧត្តមសេនីយ៍ត្រី ង៉ាម រី បានបើករថយន្ដពាក់ផ្លាកលេខ នគរបាលមកតូប ដើម្បីកាត់សក់ គាត់បានដោះអាវព្យួរ ខ្ញុំ ( ផាន សុភ ក្តី ) ក៏បានសុំពាក់អាវថតរូប ដោយ លោក ង៉ា ម រី បានឆ្លើយថា ពាក់ៗទៅ ខ្ញុំសួរបន្តថា បើថតផុសក្នុងហ្វេសប៊ុកបានអត់ គាត់ឆ្លើយថា ផុសៗទៅ រួចខ្ញុំបានសុំខ្ចីសោររថយន្ត ដើម្បីបើកទ្វារ ង្គុយថត ។ គាប់ជួនពេលនោះ មានព្រះសង្ឃ និមន្តបិណ្ឌបាតឆ្លងកាត់ទីនោះ ខ្ញុំបានយកបច្ច័យដាក់បាត លោកដោយគ្រងឯកសណ្ឋាននគរបាលជាតិ ផងដែរ “ ។
ឈ្មោះ ផាន សុភ ក្តី បានបញ្ជាក់បន្ថែមថា ” ចំពោះសកម្មភាពខាងលើគឺ ខ្ញុំមិនបានដឹងថា ជាអំពើខុសច្បាប់នោះទេ ព្រោះលោក ឧត្ដមសេនីយ៍ ង៉ា ម រី គាត់ជានគរបាលជាតិ មានឋានៈខ្ពស់បានយល់ព្រមឱ្យ ខ្ញុំថតរូបផុសក្នុងហ្វេសប៊ុ ក ” ។
លោក ឧត្តម សេនីយ៍ ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយបុគ្គល ឈ្មោះ ផាន សុភ ក្តី បានសារភាពទទួលស្គាល់ កំហុស និង បានស្នើសុំការយោគយល់អធ្យាស្រ័យ ពី សមត្ថកិច្ចគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពីថ្នាក់ដឹកនាំ នៃនាយកដ្ឋានបុគ្គលិកសម្របសម្រួលអនុវត្តត្រឹមកម្រិតធ្វើការ អប់រំណែនាំ និង ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពនេះ ។
ដោយឡែក ចំពោះលោក ឧត្តមសេនីយ៍ ត្រី ង៉ាម រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គណៈស្នងការ នឹងគោរពស្នើសុំមតិចង្អុល ដឹកនាំពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បី អនុវត្តបន្ត ៕ ដោយ៖ Sokia