កម្លាំងចម្រុះចុះពិនិត្យ និងទប់ស្កាត់ពលករឆ្លងដែន និងការជួញដូរមនុស្សខុសច្បាប់

497

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ទៀប គឹមហេង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យ និងឆែកឆេរលើមធ្យោបាយធ្វើដំណើរទាំងតូច-ធំ ដើម្បីបង្ការ និងទប់ស្កាត់ពលករឆ្លងដែន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ លើផ្លូវជាតិលេខ៥៨ នៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក ទៀប គឹមហេង ប្រាប់ថា ការចុះត្រួតពិនិត្យនេះ ដើម្បីទប់ស្កាត់ពលករឆ្លងដែន និងបទល្មើសជួញដូរមនុស្សខុសច្បាប់ ជាពិសេសពលករដែលឆ្លងដែនទាំងប្រថុយប្រថាន ដោយចាញ់បោកតាមការញុះញុង និងជឿលើអ្នករត់តាក់ស៊ី ដែលបានឃុបឃិតគ្នាជាមួយមេខ្យល់។

លោកបញ្ជាក់ថា សកម្មភាពនិងធ្វើជាប្រចាំ ដោយដាក់គោលដៅចល័ត លើភូមិសាស្ត្រតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ បើជួបពលករដែលឆ្លងដែនចំណាកស្រុកចេញទៅប្រទេសថៃខុសច្បាប់ ត្រូវសួរនាំពួកគាត់ស្វែងរកមេខ្យល់ ។ តែបើពួកគាត់លួចឆ្លងដែនចេញទៅដោយខ្លួនឯង ឬតាមរយៈបងប្អូនសាច់ញាតិ ត្រូវធ្វើការទប់ស្កាត់ និងអប់រំឲ្យវិលត្រលប់ទៅផ្ទះវិញ។

លោកក៏បានសំណូមពរដល់កម្លាំងចម្រុះដែលឈរជើងការពារតាមបន្ទាត់ព្រំដែន មេត្តាចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗ កុំឲ្យពួកគាត់ចាញ់បោកមេខ្យល់ យកទៅចោលនៅប្រទេសគេ ដែលកន្លងមកឃើញថា ពលករខ្មែរធ្លាប់ចាញ់បោកមេខ្យល់ញឹកញាប់ គេយកទៅទម្លាក់ចោលក្នុងព្រៃ រហូតដាច់បាយ ដាច់ទឹក ដេកតាមតាមព្រៃក៏មាន៕ ដោយ៖  sao nov