(រាជធានីភ្នំពេញ)៖ ប្រជាពលរដ្ឋ ២គ្រួសារបានទាស់ទែងគ្នា បែកផ្សែង ខណៈពេលដែលមន្រ្តីរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ បានចុះទៅតបណ្តាញទឹកស្អាតជួនប្រជាពលរដ្ឋមួយគ្រួសារ ដែលកំពុងតែអត់ទឹកប្រើ តែត្រូវបានមួយគ្រួសារទៀត បានមកហាមឃាត់មិនអោយតទោះបីដាក់កុងទ័រលើចិញ្ចើមផ្លូវសាធារណៈយ៉ាងណាក៏ដោយ។ ហេតុការណ៍ទាស់ទែងគ្នា បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ក្នុងភូមិជំរៅថ្មី  សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដែលជាភូមិខ្វះខាតទឹកប្រើប្រាស់។

 

តាមប្រភពឲ្យដឹងថា ឈ្មោះ ផង់ សុថុល ដែលជាមន្រ្តីយោធា ជាអ្នកហាមឃាត់មន្រ្តីរដ្ឋាករទឹក មិនអោយតទឹក ដោយសារតែបាត់បង់ផលប្រយោជន៍របស់ខ្លួន ដែលកំពុងតែធ្វើអាជីវកម្មលក់ទឹក អោយប្រជាពលរដ្ឋ ក្នុងភូមិខ្វះទឹកខាងលើនោះ។

បើតាមឈ្មោះ ហេង តុលា ដែលជាមន្រ្តីអគ្គីសនី បានអោយដឹងថា ឈ្មោះ ផង់ សុថុល ខាងលើជាអ្នកផ្គត់ផ្គង់ទឹកឯកជន លក់ឲ្យប្រជាពលរដ្ឋតាមភូមិក្នុងតម្លៃ ៣ពាន់រៀលក្នុង១គូប គឺថ្លៃពេក ទើបគាត់បានដាក់ពាក្យទៅរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញសុំតទឹកចូលភូមិនេះ។ តែដោយសារផ្ទះ ស្ថិតនៅខាងក្នុងមិនទាន់មានទុយោទឹករដ្ឋទៅដល់ ខាងរដ្ឋាករទឹកក៏បានដាក់កុងទ័រ នៅចំណុចកែងក្បែររបងផ្ទះ ផង់ សុថុល តែត្រូវលោក ផង់ សុថុល  ហាមមិនអោយត។

តាមព័ត៌មានអោយដឹងទៀតថា មន្រ្តីរដ្ឋាករចុះទៅចំនួន ៣លើកមកហើយ តែត្រូវបានរេរាំងពីលោក ផង់ សុថុល រហូត។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីខាងរដ្ឋករក៏បានចុះទៅតបណ្តាញម្តងទៀត ស្រាប់តែ ឈ្មោះ ផង់ សុថុល បានមកឃាត់មិនអោយតទឹកទៀត ក៏បង្កជាហេតុបណ្តាលមានទំនាស់គ្នាតែម្តង ។

លោក ហេង តុលា ក៍បានបន្តទៀតថា ចិញ្ចើមផ្លូវជាដីសាធារណៈ ហើយគាត់សុខចិត្តទទួលខុសត្រូវលើការបាត់បង់កុងទ័រ អោយតែរដ្ឋាករទឹកតអោយ មិនគួរ អ្នកជិតខាងមកឃាត់នោះទេ។ ការហាមឃាត់នោះត្រូវបានឈ្មោះ ហេង តុលា ចោទប្រកាន់ថា ដោយសារតែឈ្មោះ ផង់ សុថុល ខ្លាចបាត់បង់ផលប្រយោជន៍ បានមកពីការធ្វើអាជីវកម្មលក់ទឹកក្នុងតម្លៃថ្លៃ ១គូប ៣ពាន់រៀល។ទោះបីជាយ៉ាងណាគេពុំដឹងថា ការចែកចាយទឹកនោះ  មានសុំច្បាប់ធ្វើអាជីកម្ម ឬយ៉ាងណានោះទេ។ បន្ទាប់ពីមានអ្នកជំទាស់ មន្រ្តីរដ្ឋាករទឹកមិនអាចតបណ្តាញបានទេ។ ករ ណីនេះឈ្មោះ ហេង តុលា ក៍បានទៅដាក់ពាក្យបណ្តឹង នៅ សាលាសង្កាត់ ដើម្បីអោយជួយអន្តរាគមន៍ បានទឹកស្អាតប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ថា នៅភូមិជំរៅ ក៏ដូចជាភូមិ នៅជាប់នោះ កំពុងតែទទួចសុំទឹកស្អាតប្រើប្រាស់ ដូចសុំភ្លើងយក្សអញ្ចឹង៕ ដោយ៖ THEUON VUTHY