(ខេត្តព្រះសីហនុ)៖ នាពេលបច្ចុប្បន្ននេះ ការប្រកបរបរនេសាទលើផ្ទៃសមុទ្រ បើតាមការឲ្យដឹងពីលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានឲ្យដឹងថា រាល់ថ្ងៃមានទូកដែលប្រកបរបរនេសាទស្របច្បាប់សរុបមានចំនួន ២៥២៤គ្រឿង ក្នុងនោះ មានប្រភេទទូកអូសចំនួន ៨៥៤គ្រឿង ជាប្រភេទទូកដែលមានកំលាំងសេះធំ ក្រៅពីនេះ គឺមានទូកប្រភេទ មងបណ្ដែត មងបង្គា មងត្រី ទូកលប ទូកសន្ទូចជាដើម។
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ក៏បានបញ្ជាក់បន្ថែមថា ទាក់ទងនឹងបទល្មើសនេសាទគឺ ចែចេញជាពីរ ទីមួយបទល្មើសនេសាទ ដែលមានប្រភេទទូកអូស នេសាទនៅតំបន់ទឹករាក់ក្រោម ២០ម៉ែត្រ មានតិចតួច និងទីពីរ ទូកប្រើឧបករណ៍នេសាទខុសច្បាប់ដូចជា ឧបករណ៍ប្រភេទពោះវៀនជ្រូក គឺមានការប្រើនៅតំបន់ឆ្ងាយដាច់ស្រយាល ដូចជា តំបន់កែវផុស និងតំបន់ព្រៃនប់។
ក្រៅពីបទល្មើសនេសាទលោក ក៏បានលើកឡើងបន្ថែមថា បច្ចុប្បន្នក៏នៅមានការកាប់ទន្ទ្រានព្រៃកោងកាង ក៏ដូចជា ព្រៃលិចទឹកមួយចំនួន ដើម្បីវាតយកដីធ្វើ ជាដីកសិកម្មផ្ទាល់ខ្លួន ដែលធ្វើឲ្យបាត់នូវជម្រកធនធានមច្ឆជាតិ ព្រោះព្រៃទាំងអស់នេះ គឺជាប្រភព នៃការពងកូនរបស់មច្ឆជាតិគ្រប់ប្រភេទ។
ហើយរដ្ឋបាលជលផលកំពង់សោម ក៏មានការបង្ក្រាបជាបន្តបន្ទាប់ នៅតំបន់ដែលទទួលរងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និងបទល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រ នៃខេត្តព្រះសីហនុ ដូចនេះបទល្មើស មានការកាត់បន្ថយច្រើន៕ ដោយ៖ VUN SOK CHEA