(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីយោធាម្នាក់ បើករថយន្តវ៉ាជែងគ្នា ជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម និងខ្លួនរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៧ និង៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ  ៣៧៧-៣៧៨ស្ថិតន ភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។

សមត្ថកិច្ចនគរបាលស្រុកអូរជ្រៅប្រាប់ថា ជនរងគ្រោះឈ្មោះ ជុំ ស៊ីថា ភេទប្រុស អាយុ ៥៨ឆ្នាំ (រងរបួសធ្ងន់) ជាមន្ត្រីយោធាបំរើការងារនៅកងពលលេខ៥១ នៅស្រុកព្រះនេត្រព្រះ។

សមត្ថកិច្ចប្រាប់ថា ពេលកើតហេតុ ជនរងគ្រោះបើករថយន្តម៉ាក នីសាន់ណាវ៉ារ៉ា ពាក់ស្លាកលេខ.ខ.ម.07-2-3405 បើកបរពីទិសដៅពីកើតទៅលិច បានឡើងជែងរថយន្តធំ ហើយបានមកកៀររថយន្តកូរ៉េដែលបើកបរមានគោលដៅច្រាស់ទិសគ្នា ជ្រុលទៅបុកខ្ពមអ្នកស្រុក និងបង្កោលខ្សែភ្លើងនៅខាងឆ្វេងដៃបាក់មួយដើម ប៉ុន្តែហេតុការណ៍នេះ មិនបានធ្វើឲ្យអ្នកដទៃរងរបួសឡើយ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកងពលលេខ៥១ ដែលជនរងគ្រោះស្នាក់នៅ និងបំរើការងារ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមមានជ័យ ដើម្បីធ្វើការព្យាបាល។

ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរ ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ៖ SAO NOV