(ខេត្តបន្ទាយមានជ័យ)៖ មកពីផឹកស៊ីស្រវឹងជោគជាំ បុរសជាប្តីរងរឿងប្រពន្ធ ធ្វើឲ្យឈ្លោះប្រកែកគ្នា ប្តីទាញកាំបិតដេញកាប់ប្របន្ធមិនទាន់ ប្តូរចិត្តទាញដែកកេះដុតផ្ទះបាយចោលវិញម្តង ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី១០ ធ្នូ ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត។
លោក យ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុក បានឲ្យដឹងថា៖ មុនឃាត់ខ្លួនជនសង្ស័យជាប្តី ឈ្មោះវ៉ាន វ៉ោន ភេទប្រុស អាយុ ៥០ឆ្នាំ ដែលបានដុតផ្ទះបាយចោល ក្រោយពេលកើតហេតុ ប្រពន្ធជនសង្ស័យឈ្មោះ បួត ភេទស្រី អាយុ ៤៨ឆ្នាំ បានមកប្តឹងសមត្ថកិច្ចថា ប្តីដើរមកពីផឹកស្រាស្រវឹងតាមគូកនរបស់ខ្លួន ហើយបង្កអុកឡុករករឿងក្នុងគ្រួសារ និងឈ្លោះប្រកែកគ្នាជាមួយគាត់ រហូតឈានដល់ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តីបានទាញកាំបិតខ្វែវដេញកាប់ តែគាត់រត់គេចផុត។
ដោយមិនអស់ចិត្តប្តីរូបនេះ បានវាយបំបែកពាងទឹក វាយចានឆ្នាំង និងដុតផ្ទះបាយបណ្តាលឲ្យឆេះ អស់៨០% និងឆេះរបស់របរនៅក្នុងផ្ទះបាយមាន ខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសំភារះជាច្រើន។ ម្យ៉ាងវិញទៀតប្តីប្រមឹកនេះ គឺ ផឹកស្រាស្រវឹងជាប្រចាំ ហើយប្រច័ណ្ឌគាត់(ប្រពន្ធ)។
ជនរងគ្រោះថា ពេលគាត់(ប្រពន្ធ)ទៅដើររើសគួស្រូវយកមកបុកអង្ករដាំបាយហូប បែរចោទថាគាត់មានប្រុសឈ្មោល។
លោកអធិការបានបញ្ជាក់ថា៖ ក្រោយពេលឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចជនបង្ក បានសារភាពថាខ្លួនពិតជាបានដេញកាប់ប្រពន្ធ និងដុតផ្ទះបាយចោលមែន ។
ដោយផ្អែកលើចម្លើយសារភាពនិងបណ្តឹង ព្រមទាំងសំណូមពរ ជនរងគ្រោះជាប្រពន្ធ សុំឲ្យសមត្ថកិច្ចចាត់ការប្តីតាមវិធានការច្បាប់នោះ ជនបង្កឈ្មោះវ៉ាន វ៉ោន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅជំនាញស្នងការដ្ឋាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីចាត់ការបន្ត៕ ដោយ៖ Sao Nov