(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) ត្រូវបានគេរំពឹងទុកថា នឹងធ្វើសេចក្តីសម្រេចលើការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech, Moderna និង AstraZeneca នៅប៉ុន្មានសប្តាហ៍ទៀត (ពីរទៅបីសប្តាហ៍ទៀត)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់មួយរូបនៃ WHO លោកស្រី សួមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានលើកឡើងថា ការសម្រេចថា តើត្រូវអនុញ្ញាតឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ដែរឬមួយក៏យ៉ាងណានោះ នឹងត្រូវធ្វើឡើងនៅរយៈពេលពីរសប្តាហ៍ទៀត ខណៈវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna និង AstraZeneca អាចត្រូវទទួលការសម្រេចចិត្ត នៅរយៈពេលពីរទៅបីសប្តាហ៍ទៀត។
គួរបញ្ជាក់តាម WHO ទៀតថា អង្គការសុខាភិបាលអន្តរជាតិមួយនេះ អាចនឹងអនុម័តឲ្យវ៉ាក់សាំងទាំងបីនេះ ប្រើប្រាស់នៅក្នុងប្រទេសមួយចំនួន បើទោះបីជានិយ័តករវេជ្ជសាស្ត្រ នៅក្នុងប្រទេសទាំងនោះ មិនទាន់អាចពិនិត្យវ៉ាក់សាំង បានលម្អិតដោយខ្លួនឯងក៏ដោយ។
WHO បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន ១០ហើយបានចាប់អារម្មណ៍ដាក់ពាក្យមកកាន់អង្គការនេះ ដើម្បីត្រួតពិនិត្យ និងធ្វើការដាក់ចេញឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ពួកគេ នៅក្នុងករណីបន្ទាន់។