(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC) បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះធ្វើយុទ្ឋនាការប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ  និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជម្ងឺខូវីត១៩ នៅផ្សារអូឡាំពិក ស្ថិតនៅសង្កាត់អូឡាំពិក ខ័ណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។

លោក ឡាយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ និងបងប្អូនអាជីវករ  បានថ្លែងអំណរគុណ ដល់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា  ដែលបានដឹកនាំក្រុមបាញ់ថ្នាំសម្លាប់ មេរោគកូវីដ១៩  ចុះមកបាញ់ថ្នាំនៅផ្សារអូឡាំពិក  ដេីម្បីការពារសុខមាលភាពរបស់បងប្អូនអាជីវករ និង អតិថិជន ស្របពេលដែលបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា   ហើយគណៈកម្មការគ្រប់គ្រងផ្សារ ក៏សំណូមពរដល់បងប្អូនអាជីវករ និងអតិថិជនដែលចេញចូលផ្សារ  កុំមានការធ្វេសប្រហែសឱ្យសោះ ត្រូវតែលាងសម្អាតដៃ និងអាល់កុល ឬជែល ពាក់ ម៉ាស់ឲ្យបានត្រឹម ត្រូវ ប្រសិនបើមានអតិថិជនច្រើន ត្រូវគម្លាតពីគ្នាយ៉ាងតិច ១.៥០ម៉ែត្រ  ។

លោក សោម អូន បានឲ្យដឹងថា ក្រុមស្មគ្រចិត្តរបស់លោក នៅតែបន្តធ្វើយុទ្ឋនាការគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជម្ងឺខូវីត១៩ ។

លោក សោម អូន បានបន្តថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺជារលកថ្មីមួយទៀតដែលជម្ងឺខូវីត១៩ បានវាយលុកចូលក្នុងសហគមន៏ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមប្រយុទ្ឋប្រឆាំងទាំងអស់គ្នា ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង វិធានការណ៍របស់ក្រសួងសុខាភិបាល។

ការចូលរួមរបស់ប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវវិធានការខាងលើនេះ គឺមានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់មិនឲ្យជម្ងឺកាចសហាវនេះ រីករាលដាលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ។

សូមបញ្ជាក់ថា ផ្សារអូឡាំពិកមានចំនួន ៤ជាន់ សរុបទាំងជាន់ក្រោម ដែលមានផ្ទៃក្រឡាសរុបប្រមាណ ៥០០០០ មែត្រការ៉េ  មានចំនួនតូប ៥៦៨៩  តូបនិងមានបងប្អូនអាជីវករប្រមាណ ១២០០០នាក់ ៕ ដោយ៖ លោក lay phally