(ខេត្តព្រះសីហនុ)៖ នាពេលបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យជាពិសេសគឺ វិស័យអចលនទ្រព្យ ដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហជើងមេឃឲ្យអ្នកវិនិយោគទុន អន្តរជាតិ មកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះសម្រាប់ភូមិសាស្ត្រនៅខេត្តព្រះសីហនុ ទោះបីជាជំងឺកូវី១៩ កំពុងរីករាលដាលជាសកល ហើយប្រទេសកម្ពុជាក៏ទទួលរងនូវជំងឺនេះផងដែរ ។

តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកវិនិយោគទុន ប្រទេសចិននៅតែ បោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើ សំណង់អាគារពាណិជ្ជកម្មអចលនទ្រព្យធំៗ នៅតែបន្តសកម្មភាពរបស់ខ្លួនឥតដកថយ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០ នេះគម្រោងអាគារពាណិជ្ជកម្មកម្ពស់ ៣៤ជាន់ ក្រុមហ៊ុនចិន CLOUD ដែលគ្រោងនឹងចំណាយថវិកាប្រមាណជា ២០០លានដុល្លារ ហើយជំហានទី ១ គឺចំណាយ ១០០លានដុល្លារដែលមាន បន្ទប់ខុនដូ និងផ្ទះវីឡាប្រមាណជាង ១ពាន់បន្ទប់ បានចាប់ដំណើរការពេលនេះដែលមានរយៈពេល ៣ឆ្នាំ បើមិនមានការរំខានពីជំងឺកូវីដ១៩។

ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ដោយមានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្នកវិនិយោគទុនបរទេស មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះហើយទើបពួកគាត់ហ៊ានចំណាយបោះទុនរាប់រយលានដុល្លា មកលើទឹកដីប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។

ក្នុងនោះដែរអ្នកវិនិយោគទុន បរទេសនៃប្រទេសចិនក៏បានលើកឡើងថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ កម្ពុជា មានទំនុកចិត្តលើ អ្នកវិនិយោគទន់ប្រទេសចិន ទោះបីជាជួបនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ ក៏ប្រទេសចិនមិនបោះបង់ចោល នឹងបន្តការអភិវឌ្ឍន៍ វិនិយោគ គ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុ ឲ្យមានការអភិវឌ្ឍរហូតចប់គោលដៅ៕ ដោយ៖ VUN SOK CHEA