(ព្រះសីហនុ)៖ ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជីដូន និងចៅរស់នៅក្នុងជីវភាពក្រីក្រនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះទឹកចិត្ដមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសង្គ្រោះអាយុជីវិតចៅប្រុសរបស់គាត់ ទាន់ពេលវេលា និងការព្យាបាលរហូតបានជាសះស្បើយ ព្រមទាំងបានជួយផ្ដល់សម្ភារៈសិក្សាឱ្យចៅ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនសម្រាប់ជួយសម្រួលដោះស្រាយ ការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។ គាត់ សូមជូនពរឱ្យលោកឧកញ៉ា បានដល់នូវពរដ៏ប្រពៃបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូត ប្រាប់ថា ក្រោយពីទទួលដំណឹងពីនគរបាលប៉ុស្តិ៍មូលដ្ឋាន ថា ក្មេងប្រុសម្នាក់រស់នៅជាមួយយាយ តា ដែលមានជីវភាពក្រីក្រនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺរាគរោះ ចុកពោះធ្ងន់ធ្ងរ ដែលត្រូវការសង្គ្រោះព្យាបាលបន្ទាន់នោះ លោកឧកញ៉ា បានចាត់បញ្ជូនបុគ្គលិក និងទូក ល្បឿនលឿន (អូប័រ) មួយគ្រឿង ទៅទទួលយកក្មេងរូបនោះជាមួយលោកយាយដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុភ្លាមៗ ដើម្បីសង្គ្រោះព្យាបាលរហូតដល់ជាសះស្បើយ និងបាននាំយកអំណោយ មានដូចជា សំភារៈសិក្សាសំរាប់កុមាររូបនេះយកទៅសិក្សា ម្ហូមអាហារ រួមទាំងថវិកា ១លានរៀល សំរាប់លោកតា លោកយាយ ដោះស្រាយជីវភាពរស់នៅមួយគ្រា។