(បន្ទាយមានជ័យ)៖ ផ្លូវមួយខ្សែក្រាលកៅស៊ូពីរជាន់ ប្រវែងជិត ១០គីឡូម៉ែត្រ នៅក្នុងឃុំបត់ត្រង់ តភ្ជាប់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបំផ្លាញដោយទឹកជំនន់ហូរចុះដាច់ជាង១០កន្លែង កាលពីអំឡុងខែតុលា ប្រជាពលរដ្ឋសំណូមពរឲ្យមន្ត្រីជំនាញអភិវឌ្ឍន៍ជនបទ ជួសជុលឡើងវិញ ដើម្បីសម្រួលក្នុងធ្វើដំណើរ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូដែលរងការខូចខាតខាងលើ បានសំណូមពរឲ្យអាជ្ញាធរ និងមន្ទីរអភិវឌ្ឍន៍ជនបទ ជួសជុលផ្លូវឡើងវិញឲ្យបានឆាប់រហ័ស ក្រោយពីទឹកជំនន់ហូរចុះដាច់ជាក្រឡុកធំៗ កន្លែងខ្លះដាច់ចំមុខផ្ទះចេញចូលឡាន ម៉ូតូ គោយន្តមិនរួច ដែលផ្លូវនេះ ជាផ្លូវសំខាន់ក្នុងទឹកទំនិញ កសិផលតភ្ចាប់ពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទៅកាន់ស្រុកបរវេល ខេត្តបាត់ដំបង។ ពលរដ្ឋបញ្ជាក់ថា បើមិនទាន់ចាក់កៅស៊ូទេ គួរណាតែចាក់ជាថ្មមិច ដើម្បីបំពេញផ្លូវសិនសម្រួលឲ្យប្រើប្រាស់សិន មិនគួរទុកផ្លូវឲ្យ ដាច់ ក្រហេង ក្រហូង ដែលធ្វើឲ្យអ្នកដំណើរងាយរកគ្រោះថ្នាក់បែបនេះទេ។
លោក សៃ ឡៅ មេឃុំបត់ត្រង់ បានប្រាប់ថា នៅថ្ងៃទី១៤ខែធ្នូនេះថា ចំងាយផ្លូវកៅស៊ូចំនួនជិត១០គីឡូម៉ែត្រ ដែលរងការខូចខាតដោយទឹកជំនន់ហូរច្រុះដាច់នេះ មានច្រើនកន្លែង ដែលកន្លែងខ្លះមានប្រវែង២០ម៉ែត្រ ខ្លះ៣០ម៉ែត្រ ៥០ម៉ែត្រ និងខ្លះទៀតជាង១០០ម៉ែត្រ ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ប្រវែងសរុបជាង ៩០០ម៉ែត្រ។ លោកបានស្នើសុំឲ្យទៅខាងស្រុកមង្គលបូរី ដើម្បីដាក់បន្តទៅខាងមន្ទីរអភិវឌ្ឍន៍បានរយៈពេល១សប្តាហ៍ហើយ ដើម្បីជួសជុលផ្លូវឲ្យពលរដ្ឋប្រើប្រាស់ឡើងវិញ។
លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៤ខែធ្នូនេះថា ចំពោះផ្លូវកៅស៊ូពីរជាន់ ពីចំណុចឃុំបត់ត្រង់ ទៅឃុំរហាត់ទឹកនេះ មានប្រវែង ៨៩០០ម៉ែត្រ ហើយរងការខូចខាតដោយទឹកជំនន់ច្រើនកន្លែង។ លោកបានរបាយណ៍ពីស្រុកកាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ ហើយថ្ងៃនេះ តាមរយៈរដ្ឋបាលខេត្ត លោកបានស្នើសុំទៅខាងក្រសួងរួចហើយដើម្បីសម្រួល និងជួសជុលផ្លូវផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញផងដែរ៕ ដោយ៖ លោក ស៊ន់