(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង១៦និង០០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍ និងសំណេះសំណាលជាមួយក្រុមពាណិជ្ជករជនជាតិចិន ដឹកនាំដោយលោក Zhang Jia Wei ប្រធានសមាគមជំនួយសប្បុរធម៌កម្ពុជា-ចិន ដែលនាំយកនូវអំណោយសប្បុរសធម៌រួមមាន: ម៉ាស់ ចំនួន០៥កេះធំ ស្មើនឹង១២.៥០០ម៉ាស់, ទឹកអាកុលសម្លាប់មេរោគ ចំនួន០៨កាដុង, ទឹកបរិសុទ្ធ ចំនួន២០០យួរ ឧបត្ថម្ភដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃ ដល់ពាណិជ្ជករជនជាតិចិន ដែលបានឧបត្ថម្ភអំណោយសប្បុរសធម៌ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសីហនុ នេះពិតជាបង្ហាញនូវក្តីស្រលាញ់ គាំទ្រមកលើកងកម្លាំងកងរាជអាវុធហត្ថខេត្ត ក្នុងការអនុវត្ត តួនាទីភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អ្នកវិនិយោគទុន និងប្រជាពលរដ្ឋក្នុងខេត្ត និងជូនពរឱ្យមានសុខភាពល្អ ជួបតែសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ នឹងជៀសឆ្ងាយផុតពីជម្ងឺឆ្លងរាតត្បាតកូវីត-១៩។ ដោយ៖ VUN SOK CHEA