(ព្រុចសែល)៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមមន្រ្តីអឺរ៉ុបបាននិយាយថា និយ័តករឱសថរបស់សហភាពអឺរ៉ុប កំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗ ក្នុងការអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ឲ្យបានឆាប់រហ័ស។
ការជំរុញនេះ បានគូសបញ្ជាក់អំពីភាពមិនចុះសម្រុងរវាង និយ័តករឱសថ និងរដ្ឋាភិបាលនានា ដែលមានបំណងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 ដែលបានសម្លាប់មនុស្ស ១.៦លាននាក់នៅទូទាំងពិភពលោកទៅហើយនោះ។ ប្រភពព័ត៌មានចំនួន ៤ ពីសហភាពអឺរ៉ុប បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) បានរងសម្ពាធពីគណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលអឺរ៉ុបក្នុងការអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំង COVID-19 ឲ្យបានឆាប់រហ័ស។
មន្ត្រី EMA ម្នាក់បាននិយាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា រដ្ឋាភិបាលប្រទេសអឺរ៉ុបនានា បានដាក់សម្ពាធយ៉ាងខ្លាំង លើទីភ្នាក់ងារ EMA «តាមរយៈបណ្តាញទំនាក់ទំនងធម្មតា» បន្ទាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ឬក្រោយពីនិយ័តករឱសថអង់គ្លេស បានអនុម័តឲ្យប្រើប្រាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ជាបន្ទាន់។ និយ័តករឱសថអង់គ្លេសបានប្រើនីតិវិធីមួយ ដែលត្រូវបានអនុញ្ញាតក្រោមច្បាប់របស់សហភាពអឺរ៉ុប ក្នុងករណីពិសេស ប៉ុន្តែអាជ្ញាធរសហភាពអ៊ឺរ៉ុបបានបដិសេធ មិនធ្វើតាមនីតិវិធីនេះទេ ពីព្រោះពួកគេគិតថា វាមិនសមស្របសម្រាប់វ៉ាក់សាំង ដែលត្រូវការការវាយតម្លៃឲ្យបានហ្មត់ចត់បន្ថែម។
គួរបញ្ជាក់ថា និយ័តករឱសថរបស់សហភាពអ៊ឺរ៉ុប បានទទួលទិន្នន័យពីការធ្វើតេស្តវ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ និងបានបញ្ជាក់ទៀតថា ខ្លួននឹងសម្រេចចិត្តលើការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ តាមដែលអាចធ្វើទៅបាននៅត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ ក្រុមមន្រ្តីអឺរ៉ុបបាននិយាយថា ពួកគេកំពុងធ្វើការទាំងយប់ទាំងថ្ងៃរហូតដល់ថ្ងៃកំណត់ ដោយមានការផ្លាស់ប្តូរវេនគ្នា ដើម្បីបញ្ចប់ការវាយតម្លៃឲ្យបានទាន់ពេលវេលា៕