(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣នាក់ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារា អាយុ១ឆ្នាំ ត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកអ្នករកឃើញវិជ្ជមាន ២នាក់ ផ្សេងទៀតគឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។
អ្នកទាំង៣នាក់ ដែលវិជ្ជមានកូវីដ១៩ រួមមាន៖
១៖ កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រស់របស់ស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។
សូមគត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបចំនួន ១០៥នាក់ ដែលនៅក្នុងនេះ មានស្ត្រីខាងលើផងដែរ។
រីឯអ្នកដំណើរចំនួន ១០៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន និងស្ថានទូតអាមេរិកម្នាក់។
៣៖ ស្ត្រីជនជាតិជប៉ុន អាយុ ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើមានចំនួន ៦៥នាក់ ដែលក្នុងនោះមានស្ត្រីខាងលើនេះផងដែរ។