(បន្ទាយមានជ័យ)៖ ការចិញ្ចឹមទាយកស៊ុតលក់ ក្លាយជាមុខរបរមួយដែលធ្វើឲ្យប្រជាកសិករមួយចំនួន មានជីវភាពធូធារ ល្អប្រសើរឡើង។ ជាក់ស្តែង លោក ស្រី យ៉ាត ទួម ប្រជាកសិករធ្វើស្រែ និងជាប្រធានសហគមចិញ្ចឹមទាយកស៊ុត សង្កាត់កោះពងសត្វ និងចាប់អាជីបចិញ្ចឹមទាយកស៊ុត នៅក្នុងភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ដោយចង់បានចំណូលបន្ថែមបន្ទាប់ពីការធ្វើស្រែ លោកស្រី យ៉ាត ទួម បានចិញ្ចឹមទា ជាលក្ខណៈគ្រួសារដោយចាប់ផ្តើមពី ១០០ក្បាល រហូតឡើងទៅរាប់ពាន់ក្បាល ក្រោយមកទៀត បន្ទាប់ពីមានការបណ្តុះបណ្តាលដោយមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោកស្រី ចាប់ផ្តើមទទួលទិន្នផលខ្ពស់ជាងមុន ហើយចិញ្ចឹមទាកាន់តែច្រើនឡើងៗ រហូតដល់បច្ចុប្បន្ននេះ មានចំនួន ២៥០០០ក្បាល លើផ្ទៃដី ៤ហិកតាផងដែរ។

លោក ស្រីបានបញ្ជាក់ថា ក្រោយពីលោកស្រីចិញ្ចឹមទាបានជោគជ័យ និងមានចំនួនច្រើនជាងគេនៅក្នុងសង្កាត់កោះពងសត្វ មន្ត្រីជំនាញបានលើកទឹកចិត្តលោកស្រី ជាអ្នកចិញ្ចឹមទាគំរូ និងជាប្រធានសហគមន៍ចិញ្ចឹមទារយកស៊ុត ប្រចាំសង្កាត់កោះពងសត្វ នៅបច្ចុប្បន្ននេះតែម្តង។

ចំពោះទា២៥០០០ក្បាលនេះ ផ្តល់ចំណីលាយស្រេច និងចំណីផ្សំ ក្នុងមួយថ្ងៃពី១១០ ទៅ១២០ការ៉ុង គិតជាទឹកប្រាក់នៅចន្លោះពី៤លានរៀល ទៅ៥លានរៀល ហើយចំណូលស៊ុតទាដែលទទួលបានវិញក្នុងមួយថ្ងៃជិត ២ម៉ឺនគ្រាប់ ដែលក្នុងស៊ុត១តម្លៃ៣៥០រៀល ទៅ៤៣០ សរុបជាប្រាក់ចាប់ពី ៦,០០០,០០០រៀល ទៅ៧,០០០,០០០រៀល ផងដែរ។

លោកស្រី យ៉ាត ទួម ប្រធានសហគមន៍រូបនេះ បានអះអាងថា ទោះជាពិភពលោក កំពុងជួបបញ្ហាជំងឺកូវីត១៩ ក៏មិនធ្វើឲ្យប៉ះពាល់ទីផ្សារ ដល់មុខរបររបស់លោកស្រីដែរ តែក៏ជួបបញ្ហាខ្លះៗ ទាក់ទងនិងតម្លៃនៅលើទីផ្សារផងដែរ ដែលតម្លៃបច្ចុប្បន្ននេះមានការធ្លាក់ ដោយការនាំស៊ុតចូលពីប្រទេសជិតខាង។ លោកស្រីសំណូមពរដល់ក្រសួងពាក់ព័ន្ធ និងមន្ត្រីជំនាញ សូមជួយកាត់បន្ថយការនាំចូលស៊ុតទាពីប្រទេសជិតខាង ចូលក្នុងស្រុកដែលនាំឲ្យតម្លៃស៊ុតដែលចិញ្ចឹមទារក្នុងស្រុក មានការធ្លាក់ថ្លៃផងដែរ៕