(បន្ទាយមានជ័យ)៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ពេជ្រ រតនា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ថាមានករណីលួចទូរសព្ទដៃ នៅចំណុចម្ដុំដីស ស្ថិតនៅផ្ទះដើមបណ្ដឹខាងលើ។
ក្រោយទទួលបានពាក្យបណ្ដឹង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាម៉ោង០៩ និង១៣នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃម៉ាកOPPO ចំនួន០២គ្រឿង និងកាំបិត ប្រវែង ៣៩សង់ទីម៉ែត្រ ០១ដើម បញ្ជូនមកសួរនាំ។
ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃជាញឹកញាប់ ដោយឡែកថ្ងៃទី១៤ ខែធ្នូ២០២០ នេះ រូបខ្លួនបានដើររើសអេតចាយហើយបានដាក់កាំបិតដើម្បីទុកការពារខ្លួន លុះដល់ចំណុចដីស ភូមិសាមគ្គីមានជ័យចំណុចផ្ទះដើមបណ្ដឹងនោះ ខ្លួនបានឃើញទូរសព្ទចំនួន ០២គ្រឿង ដែលកំពុងសាកថ្ម ហើយម្ចាស់ដេកលក់ ក៏ចូលទៅលួចយក តែត្រូវម្ចាស់ភ្ញាក់ទាន់ហើយស្រែកឆោឡោ ហើយប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។
ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី១៥ខែធ្នូ២០២០ ចំណែកទូរសព្ទដៃចំនួន ០២គ្រឿង ត្រូវបានប្រគល់ឱ្យម្ចាស់វិញ៕