(ព្រះសីហនុ)៖ ព្រឹកថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការគ្រប់គ្រង ការរៀបចំ និងការចាត់ចែងរបប ជូនជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបណ្តោះអាសន្ន ជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធផងដែរ។

បន្ទាប់ពីមតិរបស់ប្រធាន មន្ទីរ អង្គភាពជំនាញរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបង្កើតក្រុមការងារមានអភិបាលរងខេត្តមួយរូប ជាអ្នកដឹកនាំចុះពិនិត្យរកទីតាំង និងពិភាក្សាថា តើទីតាំងនោះមានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការគ្រប់គ្រងធានាដល់សុខសុវត្ថិភាព ព្រោះមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងខេត្តព្រះសីហនុ ព្រោះអ្នកចូលមកក្នុងមណ្ឌល ទី១.អ្នកចូលមកជាអ្នកញៀនគ្រឿងញៀន ។ ទី២.អ្នកស្ម័គ្រមកទទួលសេវាអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាញៀនគ្រឿងញៀនរបស់យើង ។

ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា ១.ត្រូវអនុវត្តលិខិតលេខ ២៥៣ ស្តីពីបង្កើតមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។

២.រកទីតាំងសមស្របរៀបចំមណ្ឌលអបរំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា ។

៣.ពិនិត្យការដឹកនាំរបស់កងរាជអាវុធ ហត្ថក្រុងពហរះសីហនុកន្លងមក ស្តីពីការអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាខេត្តជាអ្នកសម្រេច ក្នុងគោលដៅធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រកបដោយនិរន្តរភាព ក្នុងការផ្ទេរមករដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង ។ ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្ត ក៍បានជួយឧបត្ថម្ភថវិកាមួយខែ ២លានរៀល ដល់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងរាជអាវុធហត្ថក្រុងផងដែរ  ៕