(ខេត្តព្រះសីហនុ)៖ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ បាននិងកំពុងបើកកសិដ្ឋានចិញ្ចឹមចៀម ដែលមានទីតាំងស្ថិតនៅក្នុង ភូមិអូត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងដំណើរកាចិញ្ចឹមចៀមពូជ យកសាច់ ចំនួន ៦១៥មេពូជ មេបណ្ដើរកូន ១៥០ក្បាល និងកូនតូច ចំនួន ២១៩ក្បាល ដែលទើបនឹងចាប់ផ្ដើមចិញ្ចឹមបានចំនួន ៦ខែ ហើយលទ្ធផលទទួលបានសរុប ចៀម កើនឡើងរហូតទៅដល់ជាង ៩០០ក្បាល។

ប្អូនស្រី ព្រំ ផល្លី ផ្នែកទីផ្សារ នៃក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័ យបានឲ្យដឹងថា បច្ចុប្បន្នក្រុមនិស្សិតមកពី បណ្ដាលរាជធានីខេត្ត រួមជាមួយ ខេត្តបន្ទាយមានជ័យ បានសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមចៀម នៅក្នុងស្រុកព្រៃនប់ ដោយប្អូនស្រីបានលើកឡើងថា ទីតាំងចិញ្ចឹមនេះ គឺមានការជួយជ្រោមជ្រែងពីឯកឧត្តមឧប កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ ផ្ដល់កន្លែង ចិញ្ចឹម សម្រាប់ដល់ក្រុមយុវ និស្សិតខេត្តបន្ទាយមានជ័យ ដើម្បីបង្កើន ប្រាក់ចំណូលនៅក្នុង សហគមន៍របស់ខ្លួន ហើយការចិញ្ចឹមនេះនៅលើផ្ទៃ ដីចំនួន ២ហិកតាសម្រាប់ធ្វើរោង និងផ្ទៃដីសម្រាប់ ឲ្យចៀមដើរស៊ីស្មៅតាមធម្មជាតិលើផ្ទៃដីជាង ៣៤ហិកតា។

ប្អូនស្រីក៏បានបញ្ជាក់ផងដែរថា ការចិញ្ចឹមរបស់ក្រុមយុវនិស្សិតនៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងបង្កើតឲ្យទៅជាការចិញ្ចឹម ជាលក្ខណៈ កសិទេសចរណ៍ ព្រោះក្រុមយុវនិស្សិតបាននិងកំពុងចិញ្ចឹម ដូចជា ចៀម សត្វអូទ្រីស ដើម្បីចង់បង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋបានស្គាល់ ហើយមិនបាច់ចំណាយ ថវិកាច្រើន ទៅមើលការចិញ្ចឹមសត្វប្រភេទនេះ នៅឯបរទេសឡើយ ព្រោះស្រុកខ្មែរយើងក៏អាចចិញ្ចឹមបានដែរ ម្យ៉ាងវិញទៀតខណៈពេលនេះ ជំងឺកូវីដ19 កំពុងរាតត្បាតជាសកលផងនោះ។

ដោយឡែក ប្អូនប្រុស ឃឹម សន ផ្នែកជំនាញចិញ្ចឹមចៀមបានលើកឡើងអំពីវិធីសាស្រ្តក្នុងការចិញ្ចឹមថា ការចិញ្ចឹមចៀម របស់ពួកគាត់នាពេលបច្ចុប្បន្ន គឺមានភាពងាយស្រួល គ្រាន់តែយើងការពាររកចំណីឲ្យបានគ្រប់គ្រាន់ការពារជំងឺដោយការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ ទៀងទាត់ និងមានបាគ្រប់គ្រាន់នោះ ចៀមអាចបង្កាត់ពូជបានលឿន ព្រោះក្នុងមួយឆ្នាំចៀមអាចកូនពីរដង ក្នុងនោះពេលខ្លះមានកូនភ្លោះផងដែរ ដូចនេះធ្វើឲ្យការបង្កាត់ពូជមានការកើនឡើងលឿន។

ប្អូនប្រុសបានបន្ថែមទៀតថា ទន្ទឹមនឹងភាពងាយស្រួលក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាទី១ នៅពេលដែលកូនចៀមកើតភ្លាម យើងត្រូវមើលឲ្យបានដិតដល់ព្រោះមេខ្លះមិនឱ្យកូនបៅ ដូចនេះយើងត្រូវយកកូនចៀមទៅឱ្យបៅទឹកដោះផ្សេង ទី ២ នៅរដូវប្រាំងគឺមានការខ្វះខាតស្មៅ សម្រាប់ផ្គត់ផ្គង់ចៀមប្រចាំថ្ងៃ ទី៣ យើងត្រូវចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។

ក្នុងនោះប្អូនស្រី ព្រំផល្លីផ្នែកទីផ្សារក៏បានលើកឡើងផងដែរ ថានាពេលបច្ចុប្បន្ននេះ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបាននិងកំពុង បង្កាត់ពូជ ចៀមខ្មែរនិងបរទេស ហើយតម្លៃវិញគឺទៅតាមប្រភេទពូជនីមួយៗ តែបច្ចុប្បន្នគឺបង្កាត់ពូជ យកសាច់ និងយកកូនលក់តែប៉ុណ្ណោះ ហើយជំហ៊ានបន្ទាប់ប្អូនស្រីបានលើកឡើងថា ក្រុមយុវនិស្សិតរបស់ប្អូននឹងចិញ្ចឹមពូជចៀមយករោមបន្ថែមទៀតផងដែរ៕