(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះធ្វើយុទ្ឋនាការប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជម្ងឺខូវីត១៩ នៅអគាររដ្ឋបាលនិងបរិវេណជុំវិញនាយកដ្ឋានបណ្តុះបណ្តាល និង វិក្រឹតការ នៃក្រសួង អប់រំយុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅអគារលេខ ១៣៣ វិថីព្រះនរោត្ដម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋាន និងក្នុង នាមបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណដល់ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានដឹកនាំក្រុមបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារកាឆ្លងកូវីដ១៩ នៅអគាររដ្ឋបាលនិង បរិវេណនាយកដ្ឋានបណ្តុះ បណ្តាលនិង វិក្រឹតការ ព្រមទាំងបានឧបត្ថម្ភម៉ាសចំនួន១៥០០ម៉ាស់ ដេីម្បីជួយការពារសុខមាលភាពបុគ្គលិក ស្របពេលដែលកំ ពុងតែមានការព្រួយបារម្ភចំពោះការរីករាលដាលក្នុងសហគមន៍ ។

ឯកឧត្តម សោម អូន បានឲ្យដឹងថា យោងតាមសំណើរបស់លោកប្រធាននាយកដ្ឋាន លោកបានរៀបចំក្រុម NACC Team Against Covid-19 ចុះធ្វើយុទ្ឋនាការនៅទីតាំងអគាររដ្ឋបាល និងបរិវេណជុំវិញនៃនាយកដ្ឋានខាងលើ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំនិងបាញ់ថ្នាំបំភាយសម្លាប់ មេរោគការពារការឆ្លងរាលដាលជម្ងឺខូវីត១៩ ។

ឯកឧត្តម សោម អូន បានបន្តថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កំពុងតែស្ថិតនៅក្នុងស្ថានការណ៍ធូរ ស្រាល ដែលគ្រប់គ្រងបាន ប៉ុន្តែនៅមិនទាន់បញ្ចប់បាននៅឡើយ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ បន្តចូលរួមប្រយុទ្ឋប្រឆាំងទាំងអស់គ្នា ដោយបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង វិធានការណ៍របស់ក្រសួងសុខាភិបាល ៕ ដោយ៖ LAY PHALLY