(បន្ទាយមានជ័យ)៖ កម្លាំងស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ឆ្មក់ចាប់ទីតាំងបទល្មើសទ្រង់ទ្រាយធំ ២កន្លែងទាំងយប់ រកឃើញគ្រឿងញៀនចំនួន ២វ៉ាលី និងក្នុងកេសដែក១ ឃាត់ជនសង្ស័យប្រុស.ស្រី ៣នាក់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ចំនួន៣នាក់ ដែល១.ឈ្មោះ ទី យៀង ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត ២-.ឈ្មោះ ហុង ម៉េង ភេទប្រុស អាយតុ ១៦ឆ្នាំ និង៣-ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនសង្ស័យទាំង២រូបនេះស្នាក់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប។
ទីតាំងទី១ នឹងឃាត់ខ្លួនជនសង្ស័យឈ្មោះទី យៀង ភេទស្រី អាយុ ៤៣ឆ្នាំ និងឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ នៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត ដោយរឹបអូសវត្ថុតាងមានចំនួន ២វ៉ាលី ដែលសង្ស័យថា មានសារធាតុញៀន។
ទីតាំងទី២ ក៏ឃាត់ខ្លួនបានឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិប៉ាលិលេយ្យមួយ សង្កាត់-ក្រុងប៉ោយប៉ែត និងរឹបអូសវត្ថុតាងកេសដែកធំចំនួន១ ដាក់គ្រឿងញៀនផងដែរ។
ចំពោះជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន ២វ៉ាលី និង១កេសដែកធំ ដែលមានសារធាតុញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានឲ្យបានដឹងថា កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នឹងកសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់៕