(ភ្នំពេញ)៖ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង បានតម្លើងល្បឿន ប្រុងឆ្លងស្ពានបេឡា ក៏ទាក់បារ៉ាស់ កំណត់កម្ពស់ចរាចរណ៍ការពាស្ពានបណ្តាលអោយបាក់ដាច់ និងរលើងទាំងគ្រឹះ ហើយបោកទៅនឹងប៉ុស្តិ៍យាមបាក់ធ្លាក់រាយប៉ាយនៅលើដងផ្លូវ ដោយឡែករថយន្តបង្កក៏ប្រឹងបានបើកគេចឆ្លងស្ពានត្រូវបានសន្តិសុខ ឃាត់ជាប់នៅប៉ារ៉ាស់ម្ខាងទៀត។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទី រសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០ នៅចំណុចគល់ស្ពានបេឡេខាងលិច ក្នុងភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបើកទាក់បារ៉ាស់នោះម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ជារថយន្តឃ្លុបដឹកទំនិញ ពាក់ស្លាកលេខសៀមរាប ៣A.៣០០១ បើកបរដោយឈ្មោះ អ៊ឹង ធាសុវណ្ណរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់២ ក្រុងព្រះស៊ីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបានធ្វើដំណើរឆ្លងស្ពានបេឡេក្នុងទិសដៅពីលិចទៅកើត ។ ខណៈនោះរថយន្តក៏បានរោរ្ត៍ម៉ានស៊ីនឡើងស្ពាន ហើយក៏បានទាក់បារ៉ាស់ដែលមានកម្ពស់២,៥០ម៉ែត្រ បណ្តាលអោយទាញបាក់ដេញធ្លាក់រប៉ាត់រប៉ាយ រលើងទាំងគ្រឹះ ជ្រុលទៅបោកត្រូវប៉ុស្តិ៍យាម បណ្តាលអោយបាក់បែកខូចខាតធ្ងន់ធ្ងរ ។ ក្រោយមករថយន្តបង្ក បានបន្ថែមល្បឿនដើម្បីគេចខ្លួន តែត្រូវបានសន្តិសុខ ដេញនិងឃាត់បាននៅចំណុច បារ៉ាស់នៅគល់ស្ពានខាងកើត ។

ក្រោយកើតហេតុ ខាងម្ចាស់រថយន្តបង្ក ក៏បានមកសម្របសម្រួលជាមួយក្រុមហ៊ុន OCIC ដើម្បីសងថ្លៃខូចខាត និងបញ្ចប់រឿង៕