(ខេត្តបន្ទាយមានជ័យ) បុរសវ័យ៥៤ឆ្នាំម្នាក់ ជាប្រជាការពារភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានប្រពន្ធអះអាងថា ប្តីរបស់ខ្លួនត្រូវបានក្មេងស្ទាវកាប់រងរបួសយ៉ាងធ្ងន់ធ្ងរ តែអាជ្ញាធរអះអាងថា ជារឿងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតហេតុកាលពីអំឡុងម៉ោង៨ និង០០នាទីយប់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

អ្នកស្រី ម៉ៅ គន្ធា អាយុ ៥២ឆ្នាំ ជាប្រពន្ធជនរងគ្រោះ ឈ្មោះ អ៊ុក សារ៉ាត់ អាយុ៥៤ឆ្នាំ មុខរបរជាប្រជាការពារភូមិទួលប្រាសាទ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ បានអះអាងថា នៅថ្ងៃទី១៦ខែធ្នូនេះថា នៅយប់ថ្ងៃកើតហេតុប្តីរបស់ខ្លួនជិះម៉ូតូនៅក្នុងភូមិ មិនបានគ្រោះថ្នាក់ចរាចរណ៍ដូចដែលគេថា បើកម៉ូតូទៅបុកនិងម៉ូតូកង់បីនោះទេ។ ដោយលោកស្រីអះអាងថា ក្រុមក្មេងស្ទាវមានគ្នាបីនាក់ មុនធ្វើសកម្មភាព គឺក្មេងស្ទាវដែលកាប់ប្តីលោកស្រីនោះជិះម៉ូតូពីក្រោយម៉ូតូកង់បីមួយ ដែលជិះក្បែរម៉ូតូប្តីលោកស្រី ស្រាប់តែក្មេងស្ទាវធ្វើសកម្មភាពកាប់ទៅលើប្តីលោកស្រីរងរបួសធ្ងន់ ហើយម្ចាស់ម៉ូតូកង់បីដែលជិះទន្ទឹមនោះ ក៏ស្រែកឲ្យគេជួយ ហើយបានជួយប្តីរបស់គាត់ផងដែរ។

លោក ឈុន ស៊្រាង មេភូមិទំនប់ក៥ បានឲ្យដឹងថា វាជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះឈ្មោះ អ៊ុក សារ៉ាត់ (ព្រះនាមប្រាសាទ៣២) អតីតជាប្រជាការពារភូមិទំនប់ក៥ តែឥលូវដោយគាត់ផ្លាស់ទីលំនៅ ប្តូរជាប្រជាពារពារភូមិទួលប្រាសាទវិញ។ លោកមេភូមិបញ្ជាក់ថា ករណីខាងលើនេះមិនមែនក្មេងស្ទាវកាប់ទេ គឺករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូទៅបុកម៉ូតូកង់បីរងរបួសជើង ហើយក្បាលដួលចំនឹងថ្មគ្រួស ព្រោះផ្លូវគ្រួសថ្មមិក។

ដោយឡែកប្រភពដែលទទួលបានពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ដោយលោកបានសួរទៅចៅសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា ជារឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងស្ទាវកាប់នោះទេ៕