(បន្ទាយមានជ័យ)៖ លទ្ធផល នៃកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ និងខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០  នៅច្រកទ្វារអន្តរជាតិភ្នំដី ដែលបានស្នើបីចំណុចនោះមិនបានទាន់ទទួលបានលទ្ធផលទាំងស្រុងនោះទេ។

ចំណុចទាំងបីដែលបានស្នើសុំមាន៖ ១.ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ, ២.ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ, ៣.បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់~បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងឡឹក។

ឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនេះថា លទ្ធផលនៃកិច្ចប្រជុំពិភាក្សាដើម្បីដោះស្រាយដំណើរសេដ្ឋកិច្ចក្នុងតំបន់ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ មិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រងចាំមានការឯកភាពជាគោលការណ៍បន្ថែម តាមក្រោយទៀត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ការសុំគោលការណ៍បីចំណុចដើម្បីដោះស្រាយសេដ្ឋកិច្ចក្នុងតំបន់នោះ ភាគីទាំងពីរបានយល់ស្របគ្នាហើយ តែមិនទាន់ ឯកភាពទាំងស្រុងនោះទេ ដោយកំពុងពិភាក្សាគ្នា លើការធ្វើចត្តាឡីស័ក៕