(ព្រះសីហនុ)៖ ការជួសជុលស្ថាបនាកំណាត់ផ្លូវលេខ២០០ ត្រង់ចំណុចបែកចេញពីផ្លូវឯករាជ្យត្រង់ស្ថានីយ៍ប្រេងសូគីម៉ិច ចូលទៅផ្សារលើ ដែលអនុវត្តន៍គម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កំពុងដំណើរការ ទាំងការស្ថាបនាតួផ្លូវ ប្រពន្ធ័លូបង្ហូរទឹក និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗសងខាងផ្លូវ ហើយគម្រោងនេះស្ថិតក្រោម គម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ថវិកាសន្សំរបស់ជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ចូន ។
បើតាមលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុឲ្យដឹងនៅព្រឹកថ្ងៃ ១៧ ធ្នូ ២០២០ថា ផ្លូវនេះមានចាក់គ្រឹះបេតុងខាងក្រោម និងចាក់អ៊ុតកៅស៊ូពីលើ ហើយគម្រោងនេះ តាមការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រុមការងារបច្ចេកទេសនឹងខិតខំធ្វើឲ្យរួចរាល់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ២០២១ ខាងមុខ ។
បើតាមលោកប្រធានមន្ទីរបញ្ជាក់ថា គម្រោងសាងសង់ ជួសជុលកំណាត់ផ្លូវក្រុងលេខ ២០០ (វិថី ៧ មករា) បានតភ្ជាប់គ្នាចាប់ពី ស្តុប ៣៣៣ រហូតដល់ ផ្លូវលេខ ៨០០ មានកម្រាលជាបេតុងសសៃដែក កម្រាស់ ២៥ស.ម និងអ៊ុតបេតុងកៅស៊ូ AC កម្រាស់ ៧ស.ម មានដូចខាងក្រោម ៖
– បណ្តោយ ប្រវែង ១៥២០ ម៉ែត្រ
– ទទឹង ប្រវែង ពី ១២,២០ម៉ែត្រ ទៅ ២១,៧០ម៉ែត្រ
– លូអ៊ុយ ទំហំ ១ម៉ែត្រX ១ម៉ែត្រសម្រាប់ទឹកភ្លៀង សងខាងផ្លូវ
– លូអ៊ុយ ទំហំ ០,៦ម៉ែត្រX ០,៦ម៉ែត្រសម្រាប់បណ្តាញសាធារណៈក្រោមដី សងខាងផ្លូវ
– លូមូល មុខកាត់ ០,៥ម៉ែត្រ ប្រភេទ ទុយោជ័រអង្កាញ់ សម្រាប់ទឹកកខ្វក់ សងខាងផ្លូវ
– លូ កាត់ទទឹងថ្នល់ សម្រាប់បណ្តាញសាធារណៈចំនួន ១០ កន្លែង
– ខឿនចិញ្ចើម អំពីបេតុងសងខាងផ្លូវ
– ភ្លើងបំភ្លឺ សាធារណៈចំនួន ១០២ ដើម ៕ ដោយ៖ VUN SOK CHEA