(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សា ដែលបានរៀបចំដោយអង្គការ ATC។

វគ្គបណ្តុះបណ្តាលនេះមានអ្នកសារព័ត៌មានដែលកំពុងមានវត្តមាននៅខេត្តព្រះសីហនុ ចំនួន២០នាក់បានចូលរួម។

លោក ឱ សារឿន បង្ហាញការកោតសរសើរដល់អង្គការ ATC ដែលបានបើកវគ្គសិក្សារយៈពេលខ្លីជាបន្តបន្ទាប់ដើម្បីផ្តល់ឱកាសអោយអ្នកសារព័ត៌មានបានសិក្សាស្វែងយល់លើជំនាញសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សាសម្រាប់ប្រើប្រាស់ដោយការទទួលខុសត្រូវនិងមានក្រមសីលធម៌។

លោកថ្លែងបញ្ជាក់ថា មន្ទីរព័ត៌មានរីករាយសហការចំពោះការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសផ្នែកសរសេរព័ត៌មានដល់អ្នកកាសែតដើម្បីអោយពួគាត់យល់ដឹងបានទូលំទូលាយដើម្បីក្លាយជាស្ពាននាំសារដ៏រឹងមាំទុកចិត្តបាន រវាងប្រជាជននិងរដ្ឋាភិបាល។

លោកបានផ្តាំផ្ញើដល់អ្នកសារព័ត៌មានទាំងឡាយ ត្រូវស្វះស្វែងស្រាវជ្រាវរកប្រភពព័ត៌មានអោយបានជាក់លាក់ច្បាស់លាស់ ត្រូវចៀសវាងការផ្សាយព័ត៌មានមិនពិត បំផ្លែង បំភ្លៃ បំប៉ោង បង្ខុស បង្ខូច ដើម្បីប្រយោជន៍នាំអោយមានការយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធ សេចក្តីថ្លៃថ្នូរ ចលាចលសង្គម និងអំពើហិង្សាជាដើម។

លោកបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានត្រូវមានភាពវៃឆ្លាតក្នុងការងាររបស់ខ្លួន ដើម្បីងាយទទួលបានការសហការពីផ្នែកជាប់ពាក់ពន្ធ័នានា។ ដោយ៖ vun sok chea