(ខេត្តបន្ទាយមានជ័យ)៖ ប្រជាកសិករដាំបន្លែត្រសក់ស្រូវ នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរអ៊ូរទាំថា ដាំបានផលល្អហើយ តែតម្លៃធ្លាក់ថ្លៃលឿន សឹងតែរកទីផ្សារគ្មាន និងគ្មានចិត្តដើរបេះប្រមូលផល ចង់តែភ្ជួរចោលដាក់ដំណាំផ្សេងជំនួស។

លោកស្រី ទុំ ធឿយ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ដំណាំត្រសក់ស្រូវដែលដាំឆ្នាំនេះ ទទួលបានផលល្អគួរសម តែតម្លៃធ្លាក់ចុះលឿនខ្លាំង សឹងតែភ្ជួរចោល មិនចង់ប្រមូលផល។ លោកស្រីបញ្ជាក់ថា កាលពីដើមខែវិច្ឆិកា តម្លៃមួយគីឡូក្រាម២០០០រៀល តែតម្លៃចេះតែធ្លាក់ៗចុះ រហូតមកដល់ពាក់កណ្តាលខែធ្នូនេះ វិញ តម្លៃធ្លាក់នៅសល់តែ ១គីឡូក្រាម តម្លៃ៤០០រៀល ទៅ៥០០រៀលប៉ុណ្នោះ ហើយរកទីផ្សារលក់មិនចង់បានទៀត។

លោកស្រីបញ្ជាក់ថា ខាងមន្ទីរកសិកម្ម គេបានណែនាំបច្ចេកទេសក្នុងការ ដាំដំណាំដើម្បីឲ្យប្រជាកសិករដាំទៅទទួលបានទិន្នផលល្អ ហើយមន្ត្រីក៏មមាញឹកក្នុងការចុះណែនាំអប់រំដល់ប្រជាកសិករ តែបញ្ហាតម្លៃទីផ្សារវិញ ឲ្យតែធ្វើបានច្រើន ធ្លាក់ចុះតែម្តង។ លោកស្រីបារម្ភថា បើតម្លៃធ្លាក់ចុះដូចសព្វថ្ងៃនេះ ប្រជាកសិករនិងខាតបង់ខ្លាំង សូម្បីរត់ថ្លៃប្រេង និងជី ហើយបើជួលគេធ្វើស្មៅទៀត មិនអាចទប់ទល់ថ្លៃដើមទេ។

ចំណែកលោក អាង សាក់ ជាអាជីវករនៅក្រុងសិរីសោភ័ណ បានទិញបន្លេពីប្រជាកសិករដែលដាំដុះដល់ចំការ យកទៅលក់នៅទីផ្សារ នៅក្នុងក្រុងបានបញ្ជាក់ថា ដោយសព្វថ្ងៃ វាពាក់ព័ន្ធនិងជំងឺកូវីដ ១៩ មិនសូវមានកម្មវិធីបុណ្យទាន ហើយត្រសក់ខែនេះ ប្រជាកសិករប្រមូលផលស្រុះគ្នា ទើបទីផ្សារមានការធ្លាក់ចុះ ដូច្នេះហើយ ការទិញពីប្រជាកសិករយកទៅលក់នៅទីផ្សារក៏ទំលាក់តម្លៃតៗគ្នាដែរ ៕ ដោយ៖ sao nov