(បន្ទាយមានជ័យ)៖ កងកម្លាំងយោធាក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនត្រឡប់ទៅអង្គភាពវិញ ត្រូវចេញល្បាតជាប្រចាំតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់បទល្មើស និងការពារបូរណៈភាពទឹកដីឲ្យបានគង់វង់ ស្របពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាព នេះជាប្រសាសន៍ផ្តាំផ្ញើពីមេបញ្ជាការរងយោធភូមិភាគទី៥ បិតវគ្គហ្វឹកហ្វឺននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិតនៅជើងភ្នំខ្លាកូន ស្ថិតភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ពិធីបិតវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថិភាពយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានសិក្ខាកាមចំនួន១០០នាក់ ដែលត្រូវបានហ្វឹកហាត់រយៈពេល៣ខែ ស្មើ៩១ថ្ងៃ ក្នុងក្លឹមសារយុទ្ធវិធីថ្មើជើង អប់រំចិត្តសាស្គ្រ លំហាត់របៀប ឋានៈលេខា បច្ចេកទេសថ្មើជើង ពេទ្យ និងហ្វឹកហាត់មានយុទ្ធដំណើរទ័ពចម្ងាយ ២០គីឡូម៉ែត្រ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា៖ ជាការផ្តាំផ្ញើពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចំពោះសិក្ខាកាមក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញយោធាហើយក្រោយពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសមត្តភាពកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារតាមបន្ទាត់ព្រំដែនត្រូវចេញល្បាតជាប្រចាំជាពិសេសគោលដៅដែលសំខាន់ត្រូវការពារទប់មិនអោយប្រទេសជិតខាងឈ្លានពានលើបូរណៈទឹកដីអោយបានគង់វង់ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែនមានសន្តិសុខ និងសុវត្ថិភាព។
លោកបានប្រសាសន៍កោតសសើរចំពោះកងកម្លាំងយោធាទាំងយោធភូមិភាគទី៥ ជាការខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងជួយប្រមូលផលជូនប្រជាកសិករ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន។