(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការលូតលាស់ស្រូវបង្កើនរដូវ និងពិនិត្យស្ថានភាពទឹក នៅឃុំចំនួន៣ នៅក្នុងស្រុកមង្គលបូរី ដើម្បីត្រៀមដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនាពេលខាងនោះ។

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងថា ស្រូវដែលកំពុងមានការលូតលាស់ល្អនេះ គឺជាពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី កំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អរាប់ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ក្នុងឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក នៅក្នុងស្រុកមង្គលបូរីដែលបានផ្តល់នូវក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការប្រមូលផលស្រូវស្តារឡើងវិញ ដែលបានខូចខាតកាលពីអំឡុងខែតុលា រងគ្រោះទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក។

យោងតាមរបាយការណ៍របស់ឃុំបានឲ្យដឹងថា ស្រូវបងប្អូនប្រជាកសិករចាប់ផ្តើមមមាញឹកធ្វើការបង្កបង្កើនផលដោយគិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងឃុំសឿ អនុវត្តន៍បានជាង ៤០០០ហិកតា ឃុំចំណោម បានចំនួន ៣៥០០ហិកតា និងឃុំរហាត់ទឹកបានចំនួនជាង ៨០០ហិកតា គឺលើសផែនការកំណត់ដែលក្នុងមួយឃុំ ឱ្យធ្វើតែចំនួន ១៥០០ហិកតាប៉ុណ្ណោះ ចៀសវាងបញ្ហាប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនោះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាឱ្យរក្សាទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចៀសវាងបញ្ហាប្រឈមការខ្វះខាត ទឹកនៅពេលខាងមុខនោះ៕ដោយ៖ sao nov