(ខេត្តព្រះសីហនុ)នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអគារសំរាប់ធ្វើចត្តាឡីស័ក ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ម ប៊ុនហេង បានណែនាំអោយអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានអនាម័យរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំអោយឆ្លងកូវីដ១៩។

 

មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្រោយសាងសង់រួចរាល់ មន្ទីរពិសោធន៍នេះ នឹងបំពាក់ម៉ាស៊ីនវិភាគសំណាក និងបរិក្ខារទំនើបៗ ជាការឧបត្ថម្ភពីអង្គការមូលនិធិសកល GLOBAL FUND និងប្រទេសចិន។

តាមរយៈមន្ទីរពិសោធន៍នេះ នឹងជួយសម្រួលដល់ការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ -១៩ ជាដើម។

ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តង ដោយមិនចាំបាច់ចំណាយ ពេលយកទៅវិភាគនៅភ្នំពេញឡើយ។

គិតត្រឹមថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ អគារនេះសម្រេចបានប្រមាណ៧០% ។ បច្ចុប្បន្នកំពុងជម្រុញពន្លឿនការងារសាងសង់ដើម្បីដាក់អោយដំណើរការ នៅក្នុងពេលឆាប់ៗខាងមុខ៕ ដោយ៖ vun sok chea