(កណ្ដាល)៖ ករណីប្អូនប្រុសបាញ់បងប្រុសបង្កើតរបស់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាម នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
គួរជម្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ជនសង្ស័យខាងលើបានប្រើកាំភ្លើងម៉ាក Lock ៩៨ បាញ់ប្រហារមកលើបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ ឆាយ សៀមមី និងប៉ុនប៉ងបាញ់អ្នកជិតខាងថែមទៀត ដោយសារខឹងមកឃាត់ពេលខ្លួនឈ្លោះប្រកែកជាមួយភរិយា។ ការបាញ់នេះ បានកើតហេតុនៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដំណើរដើមទងនៃសាច់រឿងនេះ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយតែងឈ្មោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផលតាមអនឡាញ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ពេលនោះជនរងគ្រោះបានចូលទៅជួយសម្របម្រួលឲ្យឈប់ឈ្លោះគ្នា តែជនសង្ស័យបែជាខឹងបងប្រុសបង្កើតចេះដឹងរឿងប្តីប្រពន្ធរបស់ខ្លួនទៅវិញ។ លុះមកដល់វេលាម៉ោង០៤ទៀបភ្លឺ នាថ្ងៃទី១៩ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យមកជួបនិយាយគ្នា នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
ពេលនោះជនរងគ្រោះបានជិះម៉ូតូមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងបាញ់សម្លាប់តែម្តង បន្ទាប់មកជនសង្ស័យបានបាញ់ឪពុកក្មេកតែមិនផ្ទុះ និងប្រតាយប្រតប់គ្នាជ្រុះកាំភ្លើង ត្រូវឪពុកក្មេកយកបាន ភ្លាមនោះជនសង្ស័យបានឡើងជិះម៉ូតូ គេចខ្លួនបាត់ស្រមោលតែម្តង។