(កំពង់ឆ្នាំង)​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ដោយសារ​រថយន្ត ​១​គ្រឿង​ បើក​វ៉ា​ជែង​ ម៉ូតូ​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាត​ជន​រង​គ្រោះ​ចូល​ក្រោម​រថយន្ត​ កិន​ស្លាប់​តែ​ម្តង​ ។​

​ហេតុការណ៍​នេះ ​កើតឡើង​នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​៤៥​នាទី​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៤៥-៤៦​ ស្ថិត​នៅ​ភូមិ​ចំការ​ស្វាយ​ ឃុំ​សេដ្ឋី​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3A-9133​ អ្នកបើកបរ​ឈ្មោះ​ ម៉ៅ​ សុខ​មី​ ភេទ​ប្រុស​ អាយុ ​៣៤​ឆ្នាំ​ នៅ​ភូមិ​អូ​តា​ប៉ោង​ ឃុំ​អូរ​តា​ប៉ោង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​មក​ដល់​ចំណុច​ខាងលើ​ បាន​ឡើង​វ៉ា​ជែង​ម៉ូតូ ​១​គ្រឿង​ បណ្ដាល​អោយ​ម៉ូតូ​ដួល​ខ្ទាត​អ្នក​ជិះ​ពីក្រោយ ​ចូល​ក្រោម​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងស្ដាំ ​បណ្ដាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​នាង​ គ​ន្ធា​ ភេទ​ស្រី​ អាយុ ២៨​ឆ្នាំ​ នៅ​ភូមិ​តា​ង៉ូ​វ​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ ក្រុងភ្នំពេញ​ និង​អ្នកបើកបរ​រង​របួស​ជើង​ខាង​ឆ្វង​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕ ដោយ៖ AUN REAKSA