(​ភ្នំពេញ) ៖ ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា ការ​បាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ ឫ​អាល់កុល លើ​សរីរាង្គ​មនុស្ស មិន​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​-១៩ នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​គឺ​វា​និង​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ដល់​សុខភាព​មនុស្ស​បាន ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ ខែធ្នូ នេះ​ថា «​ការ​បាញ់​ទឹក​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ ឬ​អាល់កុល លើ​សរីរាង្គ​មនុស្ស​នឹង​មិន​អាច​ជួយ​ការពារ​លោក​អ្នកប្រឆាំង​ នឹង​វីរុស​កូ​វី​ដ​-១៩ បាន​ទេ និង​អាច​មាន​គ្រោះថ្នាក់​» ។

លើស​ពី​នេះ WHO ក៏​បាន​បញ្ជាក់​ដែរ​ថា «​មិន​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ឬ​អាល់កុល ឬ​សារធាតុសម្លាប់​មេរោគ ទៅ​លើ​ខ្លួន​មនុស្ស​នៅ​គ្រប់​កាលៈទេសៈ ។ សារធាតុ​ទាំងនេះ អាច​ធ្វើ​ឲ្យ​ពុល ប្រសិនបើ​ប៉ះពាល់​ហើយ ​​អាច​ធ្វើ​ឲ្យ​រំខាន រមាស់ ឬ​រលាក​អាល់​ឡែក​ហ្ស៊ី​ស្បែក ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក​របស់​មនុស្ស​» ។ ថ្នាំ​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ ត្រូវ​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន សម្រាប់​លាង​សម្អាត​ដៃ ទីកន្លែង​ណាមួយ​តែ​ប៉ុណ្ណោះ ។ ត្រូវ​ចង​ចាំ​ថា​សារធាតុ​គ្ល​រី​ន ឬ​សារធាតុ​សម្លាប់​មេរោគ​ផ្សេង​ៗ​ទៀត ឲ្យ​ឆ្ងាយ​និង​ផុត​ពី​ដៃ​ក្មេង​ប្រយ័ត្ន​គ្រោះថ្នាក់ ។

លោកស្រី​អ្នកនាំពាក្យ​បាន​បន្ត​ថា សូម​សម្គាល់ថា អាល់កុល ឬ​ជែ​ល អាច​ប្រើស​លាង​សំអាត​ដៃ​ដោយ​សាប៊ូ​ជាមួយ​ទឹក​ស្អាត ឫ​អាល់កុល ឫ​ជែ​ល ដែល​ជា​វិធានការ​សម្រាប់​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ តែ​មិន​ត្រូវ​ប្រើ​សម្រាប់​បាញ់​លើ​ខ្លួនប្រាណ​ឡើយ ។