កំពង់ឆ្នាំង៖ បន្ទាប់ពីការចុះចែកអំណោយសប្បុរសធម៌ដល់សិស្សានុសិស្សសាលាបឋមសិក្សាសំរោងរួចរាល់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ដដែលនោះដែរ ក្រុមការងារ Cam Asia ព្រមទាំងសប្បុរសជនដែលរួមដំណើរជាមួយគ្នា បានពាំនាំយកអំណោយមួយចំនួន ទៅជូនដល់គ្រួសារក្រីក្រមួយ ស្ថិតនៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នោះផងដែរ ។ អំណោយទាំងនោះរួមមាន អង្ករ ស្ក ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ទឹកផ្លែឈើ ត្រីខកំប៉ុង មីម៉ាម៉ា ប៉ាតង់ប្រក់ដំបូល និងថវិកាចំនួន ៥៥ម៉ឹនរៀល ដែលជាអំណោយទឹកចិត្តរបស់បងប្អូនសប្បុរសជន ។

សូមរំលឹកថា
អ្នកមីងឃឹម ស៊ន អាយុអាយុ ៦០ឆ្នាំ ជាមេគ្រួសារក្រីក្រមួយ
ដែលជាអ្នកទទួលបន្ទុក ចិញ្ចឹមម្តាយចាស់ជរា
ប្តីពិការជើង ថែមទាំងកូនប្រុសគាត់ក៏ពិការដែរ ហើយក៏មានសតិមិនគ្រប់ទៀត។
ខណៈពេលក្រុមការងារ Cam Asia បានចុះទៅផ្តិតយករូបភាពសិស្សសាលាបឋមសិក្សា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ អ្នកមីងបានឮដំណឹងនេះ ក៏បានស្វះស្វែងមករកក្រុមការងារយើងខ្ញុំ
ដោយពឹងពាក់តាមរយៈលោកមេឃុំឲ្យជូនមក ពេលបានមកជួបអ្នកមីងបានសំពះទាំងទឹកភ្នែក
និយាយទាំងអួលដើមកសុំឲ្យ ក្រុមការងារយើងជួយដល់គ្រួសារគាត់ ដែលសព្វថ្ងៃកំពុងតែរស់នៅរងទុក្ខវេទនា
ខ្វះព្រឹកខ្វះល្ងាច ។ បន្ទាប់ពីក្រុមការងារយើ់ងបានចុះ ដល់ទីតាំងគ្រួសារអ្នកមីងផ្ទាល់ គឺឃើញទិដ្ឋភាពគ្រួសារគាត់គួរឲ្យសង្វែកណាស់ ។ គ្រួសារអ្នកមីងរស់នៅអាស្រ័យលើដីអ្នកជិតខាង គេអោយនៅបណ្តោះអាសន្នប៉ុណ្ណោះ ដោយអ្នកភូមិខ្លះបានជួយផ្តល់គ្រែចាស់ៗ
សម្រាប់គេង និងដាក់សម្ភារៈផ្សេងៗ ខ្លះទៀតផ្តល់តង់ចាស់ៗរហែកដែលគេឈប់ប្រើ
យកមកធ្វើជាដំបូល និងជាជញ្ជាំង ដើម្បីបិតបំាងកំដៅខ្យល់ភ្លៀងម្តងៗ។ ដោយឃើញទុក្ខលំបាកគួឲ្យអាណិតបែបនេះហើយ ទើបក្រុមការងារយើង បានស្វះស្វែងរកសប្បុរសជនជួយ
។ រហូតដល់ថ្ងៃទី២១ ខែឆ្នាំដដែល ក្រុមការងារយើងប្រមូលបានប្រាក់ឧបត្ថម្ភខ្លះ និងមានការចូលរួមចំណែកពីក្រុមការងារ
“ក្តីសង្ឃឹម” ផ្គួបផ្សំគ្នាខ្លះ ដើម្បីទិញគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនគាត់
គ្រាន់បានមួយគ្រាអាសន្នប៉ុណ្ណោះ ។
ជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ ដោយក្តីអាណិតអាសូរចេញពីបេះដូង ក្នុងការជួយសង្គមជាតិតាមរយៈកម្មវិធីសប្បុរសធម៌ “ក្តីសង្ឃឹម” ហើយក្រុមការងារយើងខ្ញុំនឹងបន្តសកម្មភាពសប្បុរសធម៌នេះជាបន្តបន្ទាប់ និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនខ្មែរ នឹងជួយគាំទ្រជ្រោមជ្រែងសកម្មភាពចែករំលែកនេះជារៀងរហូត។


