(បន្ទាយមានជ័យ)៖ ក្រោយពេលដែលប្រទេសថៃត្រូវផ្ទុះការឆ្លងកូវីដ១៩ ជាសហគមន៍នៅខេត្តសាមុតសាខន នៃប្រទេសថៃ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានចំនួន ៣៩៤នាក់ នៅក្រុងប៉ោយប៉ែត គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ត្រូវធ្វើចត្តាឡីស័ក មុនអនុញ្ញាតិឲ្យត្រឡប់ទៅកាន់ស្រុកកំណើតវិញ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារណែនាំដល់អាជ្ញាធរខេត្តជាប់ជាយដែនប្រទេសថៃ ត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងការងារត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ ខណៈពេលដែលប្រទេសថៃត្រូវផ្ទុះការឆ្លងកូវីដ១៩ ជាសហគមន៍នៅខេត្តសាមុតសាខន នៃប្រទេសថៃ។
លោកបញ្ជក់ថា កន្លែងសំរាប់ធ្វើចត្តាឡីស័ក សំរាប់ទទួលប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ តាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មកដាក់នៅក្រុងប៉ោយប៉ែតមាន៤ទីតាំង ដែលទីតាំងទី១.នៅមណ្ឌលសុខភាពប៉ោយប៉ែត១, ទី២ នៅអនុវិទ្យាល័យព្រហ្មនិមិត្ត, ទី៣.នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត, និងទី៤.នៅវិទ្យាល័យនិមិត្ក។
លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ចំនួនប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅក្រុងប៉ោយប៉ែត សរុបមកដល់ម៉ោង៨យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ មានចំនួនសរុប ៣៩៤នាក់ ស្រី១៤៥នាក់ ដែលត្រូវតាមដានពិនិត្យ ដោយក្រុមគ្រូពេទ្យ និងធានាលើការហូបចុកដោយអាជ្ញាធរ បើមិនទាន់គ្រប់រយៈពេល១៤ថ្ងៃទេ មិនអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនោះទេ។ សូម្បីតែប្រជាពលរដ្ឋ ឬអាជីវករនៅផ្សាររ៉ុងក្លឿប្រទេសថៃ នៅជាប់ជាយដែនក្រុងប៉ោយប៉ែត ក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដូចគ្នា៕
ដោយ៖ SAO NOV