(បន្ទាយមានជ័យ) នៅរដូវរំហើយ ប្រជាកសិករមមាញឹកដាំបន្លែ ដោយរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ពេលប្រមូលផលបន្លែជាច្រើនមុខត្រូវបានធ្លាក់តម្លៃ ចំណែកដំណាំល្ហុងវិញតម្លៃនៅមានទីផ្សារល្អ មិនធ្លាក់ថ្លៃ រក្សាតម្លៃថេរ ។ នេះបើតាមការរៀបរាប់ពីប្រជាកសិករនៅ ដាំល្ហុងនៅចំណុចជើងភ្នំកងវ៉ា នៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកស្រី សុខ ស្រីលួន អាយុ៣២ឆ្នាំ ជាប្រជាកសិករដាំដំណាំចម្រុះ រស់នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដំណាំដែលអ្នកស្រីដាំមានស្ពៃក្រញ៉ាញ់ ស្ពៃជើងទា ស្ពៃហាង ត្រកួន ពោត និងដើមល្ហុង។ អ្នកស្រីបន្តថាចំពោះដំណាំផ្សេងៗដែលអ្នកស្រីមាន នៅរដូវរំហើយនេះ ប្រជាកសិករនាំគ្នាធ្វើច្រើន ស្របពេលដែលបច្ចុប្បន្នមិនសូវមានកម្មវិធីផងនោះ តម្លៃបន្លែទាំងនោះក៏ធ្លាក់ចុះ ដោយឡែកមានតែដំណាំល្ហុងមួយទេ ដែលតម្លៃទីផ្សារនៅថេរល្អ។

អ្នកស្រី សុខ ស្រីលួន បញ្ជាក់ថា នៅលើដីចំការដាំល្ហុងរបស់លោកស្រីដាំលើផ្ទៃដីជាង២រ៉ៃ ដែលក្នុងមួយថ្ងៃលោកស្រីលក់ចេញបាន ៤០គីឡូក្រាមទៅ៥០គីឡូក្រាម ពូជល្ហុងនេះ ជាពូជល្ហុងផ្អែមយកមកពីប្រទេសថៃ សំរាប់លក់ជូនអតិថិជនដែលទិញយកទៅបរិភោគពេលវាទុំ ម៉ូយទិញដល់ចំការក្នុងមួយគីឡូក្រាមតម្លៃ១៥០០រៀល គ្រាន់បានដោះស្រាយជីវភាពក្រុមគ្រួសាររបស់អ្នកស្រី រួមផ្សំទាំងដំណាំផ្សេងៗផងនោះ ចំណូលបានច្រើនគួរសមដែរ។ ការដាំដំណាំរួមផ្សំនេះ ក៏អាចដោះស្រាយជីវភាពអ្នកស្រីបានធូរស្រាលផងដែរ ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសនោះទេ។

អ្នកស្រីបញ្ជាក់ថា បន្លែចម្រុះនេះ អ្នកស្រីដាំរយៈពេល៣ឆ្នាំមកហើយ ដោយការដាំតាមបច្ចេកទេសខាងមន្ទីរកសិកម្មផង និងដាំតាមទន្លាប់តៗគ្នាផង។ ការដាំតាមបច្ចេកខាងជំនាញវាដាំទៅបានផលល្អពិតមែន តែវាត្រូវការចំណាយដើមទុនច្រើនគួរសមដែរ តែការដាំតាមទន្លាប់តៗគ្នា អស់ដើមតិច។ ពេលខែរដូវរំហើយអញ្ចឹង ងាយដាំ មិនសូវមានរោគ ហើយបន្លែនៅលើទីផ្សារធ្លាក់ថ្លៃជ្រើសរើស ដាំតាមទន្លាប់ ពេលខែណាបន្លែឡើងថ្លៃ ហើយដល់ពេលរដូវពិបាកដាំគឺដាំតាមបច្ចេកទេសមន្ត្រីជំនាញកសិកម្មម្តង៕

ដោយ៖ SAO NOV