(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះជាន់ទី២ ជាប់មនុស្សក្នុងផ្ទះត្រូវបានជួយសង្រ្គោះមនុស្ស ៥នាក់ ហេតុការណ៍ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ផ្ទះលេខ១៦៣ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហេតុការណ៍ កើតហេតុឡើងនៅវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ថា ពីដំបូងឮសំឡេងផ្ទុះកំប៉ុងហ្គាសមួយ បណ្ដាលឱ្យមានជាអណ្តាតភ្លើង បណ្ដាលឱ្យឆាបឆេះរាលដាលផ្ទះនៅជាន់ទី២ មួយល្វែងទាំងអស់តែម្តង បន្ទាប់មកដោយមានការជួយសង្គ្រោះគាស់ទ្វារបន្ទប់ នៅខាងលើមួយបានជួយសង្គ្រោះ បានបុរសម្នាក់ដែលបណ្តាលឲ្យរងរបួសធ្ងន់ និងមាននារី៤នាក់ទៀត ក៏ត្រូវបានជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីករណីអគ្គិភ័យ ឆាបឆេះខាងលើនេះបង្កឡើងដោយសារអ្វីនៅឡើយទេ ហេតុការណ៍នេះសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។
សូមបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ០៦គ្រឿង ហើយសមត្ថកិច្ចពន្លត់បានទាំងស្រុងនៅថ្ងៃកើតហេតុដដែល៕ ដោយ៖ Sokia