(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ការបណ្តុះបណ្តាលបច្ចេកទេសដំឡើងអំពូលសូឡា និងបរិក្ខាមួយមួយចំនួនទៀត ដែលជាអំណោយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិនត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

ការបណ្តុះបណ្តាលបច្ចេកទេស ស្តីអំពីរបៀបដំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវ សូឡាPV និងម៉ូតូប្រើអាគុយនេះ មានមន្ត្រីតំណាងក្រុង ស្រុកទាំងអស់នៃខេត្តព្រះសីហនុ បានចូលរួមដោយមានអ្នកជំនាញមកពីចិនបានធ្វើបទបង្ហាញដោយផ្ទាល់។

សម្ភារៈដែលគ្រោងផ្តល់ជូនមាន៖

១.អំពូលដាក់ តាមផ្លូវ២៨០០

២.អំពូលបំពាក់តាមអគារចំនួន ២០០ សម្រាប់ផ្តល់ជូនតាមសាលាគោលដៅនៅខេត្តព្រះសីហនុ។

៣.ម៉ូតូប្រើអាគុយចំនួន២០០គ្រឿង សម្រាប់ចែកជូនមន្ត្រីតាមមន្ទីរបរិស្ថានទូទាំងប្រទេស។

៤.ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ផងដែរ។

លោក អបអសាទរដល់ក្រសួងបរិស្ថាន បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ក្រុមបច្ចេកទេសក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្លាំងដើម្បីចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ អោយក្លាយជាប៉ូលសេដ្ឋស្របតាមបំណងរដ្ឋាភិបាល។

ឯកឧត្តម សុខ គាង និងជាក្រុមការងារ ទទួលបន្ទុកជួយវិស័យអប់រំខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាប៉ូលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប។

ឯកឧត្តម ចង់ឃើញយុវជនខេត្តព្រះសីហនុ មានចំណេះ ជំនាញ បំនិន ប្រសប់ មានសមត្ថភាព និងទទួលបានឱកាសការងារច្រើនពីការអភិវឌ្ឍនៅខេត្តនេះផ្ទាល់ និងថែរក្សាជួសជុលប្រព័ន្ធសូឡាឱ្យមានប្រសិទ្ធភាពធានាការប្រើប្រាស់បានយូរអង្វែង៕ ដោយ៖ VUN SOK CHEA