(ភ្នំពេញ)៖ ការស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងដំណាក់កាលរៀបចំឯកសារនៅឡើយ ខណៈលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ជាថ្មីថា ក្រសួងវប្បធម៌កំពុងសហការជាមួយអ្នកជំនាញការជាតិ-អន្តរជាតិដើម្បីរៀបចំឯកសារ ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។
ការបញ្ជាក់នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា រួមជាមួយបណ្តាប្រទេសជាសមាជិកចំនួន ៥ ទៀត ដូចជាប្រទេសប៊ែលហ្ស៉ិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ ២១១ ហើយបើធ្វើដំណើរពីទីរួមខេត្តព្រះវិហារមានចម្ងាយ ៤៩ គីឡូម៉ែត្រប៉ុណ្ណោះ។