(ខេត្តកណ្តាល)៖ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយលោកអភិបាលស្រុក អភិបាលរងស្រុកពញាឮ លោកមេឃុំកំពង់លួង និងកងកម្លាំងមន្រ្តីប៉ូលីសប៉េអឹម បានចុះចែកម៉ាស់ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីត១៩ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទ ដែលកំពុងប្រមូលផលត្រី ធ្វើប្រហុក ស្ថិតនៅភូមិកំពង់លួង ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
សកម្មភាពនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលលោកដឹកនាំមន្រ្តីចុះពិនិត្យមើលបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនដែលរស់នៅតាមភូមិសាស្រ្តនៃដងទន្លេក្នុងស្រុកពញាឮ កំពុងនាំគ្នាមមាញឹកធ្វើប្រហុកត្រីនារដូវត្រីត្រូវ នៅចុងខែធ្នូនេះ ។
ក្នុងការចុះពិនិត្យនេះដែរលោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានឲ្យដឹងថា ការប្រមូលផលត្រីនៅតាមដាយត្រីមួយចំនួនក្នុងភូមិសាស្ត្រស្រុកពញាឮទទួលបានផលគួរឱ្យកត់សម្គាល់។ លោកបានបញ្ជាក់ថា បើតាមទិនផលត្រីដែលប្រជាពលរដ្ឋរកបាន គឺទទួលបានផលល្អ ដូច្នេះការធ្វើប្រហុកត្រីសម្រាប់ឆ្នាំនេះ គឺមិនខ្វះខាតទេ អាចផ្គត់ផ្គង់ក្នុងស្រុក និងចែកចាយតាមទីផ្សារបានគ្រប់គ្រាន់ ។
ក្នុងឱកាសនោះលោក ហេង សុភារិទ្ធ បានអំពាវនាវដល់បងប្អូនដែលមកធ្វើត្រីប្រហុកនៅទីនេះ មេត្តារក្សាអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃអោយបានញឹកញ៉ាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងវិធានការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីត១៩ ធ្វើយ៉ាងណានៅតែបន្តជម្រុញឲ្យពួកគាត់ យល់ដឹងអំពីវិធីថែទាំសុខភាព និងប្រុងប្រយ័ត្នខ្ពស់ អំពីជំងឺកូវីដ១៩ ទាំងអស់គ្នា ។ ដោយ៖ លោក ស៊ន់