ភ្នំពេញ៖ ករណីផ្ទុះការរិះគន់ពីសំណាក់មហាជន ជាពិសេសប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានសំដែងការមិនពេញចិត្ត និងសោកស្តាយជាទីបំផុត បន្ទាប់ពីបានដឹងដំណឹងថា លោក យឹម សារ៉ាន់ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេផ្លាស់ប្តូរទៅកាន់តំណែងផ្សេង។

បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្រ្តីនគរបាលជាតិ ដោយមានភ្ជាប់ហត្ថលេខារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច តែងតាំង លោកវរសេនីយ៍ត្រី ម៉ន វុធី អត្តលេខ ៦២៦៤៤ ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្នំពេញ ជំនួសលោកវរសេនីយ៍ឯក យឹម សារ៉ាន់ ផ្ទេរទៅកាន់អនុប្រធាននាយកដ្ឋាន នគរបាលពន្លត់អគ្គិភ័យ និង សង្គ្រោះ។ សេចក្តីសម្រេចខាងលើ ចេញកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០..។

ចំពោះការផ្លាស់ប្តូរតំណែងយ៉ាងស្ងាត់ៗនេះ ធ្វើឲ្យសាម៉ីខ្លួនលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ក៏មិនដឹងខ្លួនទាំងហួសចិត្ត សូម្បីតែកាលបរិច្ឆេទនៃថ្ងៃចុះហត្ថលេខារបស់សម្តេចក្រឡាហោម ក៏សរសេរមិនត្រឹមត្រូវផង។

ទាក់ទងរឿងផ្ទេរតំណែង អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ កុំថាឡើយសាម៉ីខ្លួន សូម្បីប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌនេះ ក៏សំដែងអារម្មណ៍ហួសចិត្តសោកស្តាយចំពោះលោក យឹម សារ៉ាន់ផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងថា លោក យឹម​សារ៉ាន់ ជាអធិការខណ្ឌគំរូ មួយរូប លោកបានបង្រ្កាបបទល្មើសច្រើនពេក បង្រ្កាបគ្រឿងញៀន ទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងខណ្ឌពោធិ៍សែនជ័យ ច្រើនពេក បម្រើប្រជាពលរដ្ឋដោយ ក្រមសីលធម៌ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រឡាញ់លោកច្រើនពេក ហើយមើលទៅ គ្រាន់តែដឹងដំណឹងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មានការសោកស្ដាយខ្លាំង នៅពេលដែលលោក ត្រូវបានផ្លាស់ប្ដូរលោកចេញពី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ។

ចំពោះមតិរបស់អ្នកសារព័ត៌មានក្នុងស្រុកបានលើកឡើងថា រូបគាត់ពិតជាសោកស្តាយមន្ត្រីល្អដូចជា លោកអធិការ យឹមសារ៉ាន់ រាល់ពេលដែល អ្នកសារព័ត៌មានសួរពត៌មាន លោកអធិការតែងឆ្លើយតប ដោយសុភាព និងរហ័ស….។

មតិយ៉ាងចាក់ដោតបានសរសេរថា មន្រ្តីល្អបំរើរាស្រ្តមិនបានយូរ ! គេប្រញាប់ដក ដោយមិនឲ្យដឹងខ្លួនជាមុន ហើយនៅចុះហត្ថលេខា ដាក់ឆ្នាំខុសទៀត ! តើអ្នកណាផ្តើមគំនិតដកមន្ត្រីស្មោះត្រង់​ មន្ត្រី​ល្អៗ​ ដាក់ជំនួសមកវិញដោយមន្ត្រី​មានអត្តលេខ​ជាង​ ៦០០០០​ទៅ វិញ​ ?

មានមតិជាច្រើនទៀតបានសម្តែងការហួសចិត្ត ចំពោះការប្តូរតំណែងបែបនេះ និងធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរទៅដល់ថ្នាក់លើ តាមមតិយល់ឃើញរៀងៗខ្លួន៕