(ព្រះសីហនុ)៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹក ជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរជំនាញ បានអញ្ជើញពិនិត្យមើលសកម្មភាពអ៊ុតបេទីម នៅផ្លូវ ២៨មិថុនា និងអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ និងបន្តពិនិត្យការអ៊ុតបេទីមផ្លូវពូឡូវ៉ៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ។
ឯកឧត្តម ស៊ុន ចាន់ថុល និងដឹកជញ្ជូនបានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីម របស់ក្រុមហ៊ុនហ៊ុន TCM ត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវធានា បានគុណភាព សោភ័ណភាពដើម្បីការប្រើប្រាស់ បានយូរអង្វែង។ នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបន្តពិនិត្យការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងការដ្ឋានស្ថាបនាបុកគ្រឹះក្បាល ស្ពាន ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ដែលមានដីស្អុយជ្រៅ ត្រូវធ្វើការកាយចេញ និងបុកគ្រឹះផ្លូវ ដើម្បីចាក់បេតុង និងអ៊ុតបេទីម រួចបន្តទៅពិនិត្យ មើលក្រុមហ៊ុន CCES ដែលកំពុងអ៊ុតបេទីមចាប់ពីរង្វង់មូលព្រះសេវ: ទៅរង្វង់មូលរាម ភ្ជាប់ផ្លូវជាតិលេខ៤ ជាមួយគ្នានេះក្រុមការងារបច្ចេកទេសបានខួងបេទីម យកមកពិនិត្យគុណភាពនៃការអ៊ុត ថាតើវាត្រូវតាមលក្ខណៈបច្ចេកទេសដែរឬទេ ព្រោះផ្លូវទាំង៣៤ ខ្សែនេះ បំរើឱ្យវិស័យទេសចរណ៍ វិនិយោគ កាលណាមានផ្លូវ គឺយើងមានសង្ឃឹម ។
លោក ស៊ូ សំពិសិដ្ឋ ប្រធានក្រុមហ៊ុន CCES បានឱ្យដឹងថាក្រុមហ៊ុនរបស់លោកទទួលអ៊ុតបេទីមផ្លូវចំនួន ៥ខ្សែក្នុងខេត្តព្រះសីហនុ ដែលចាប់ផ្ដើមបើកការដ្ឋានអ៊ុតបេទីមកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ ២០២០ កន្លងមក គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២១ខាងមុខ នៅលើផ្លូវទាំង ៥ខ្សែ ប្រកបដោយបរិមាណ គុណភាព និងសោភ័ណភាព ក្នុងការប្រើប្រាស់បានយូរ ។
សូមបញ្ជាក់ថា ការអ៊ុតបេទីមលើកំណាត់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានកម្រាស់ ០,០៧ម៉ែត្រ ពីលើបេតុងកម្រាស់ ០,២៥ម៉ែត្រ ៕
ដោយ៖ vun sokchea