(ព្រះសីហនុ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង បុកប៉ះគ្នា បណ្តាលអោយបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវសេតេ ចំណុចខាងមុខកាស៉ីណូយ៉ាព័រ នៅវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ ៣ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាក Highlander ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AP-8063 បើកបរដោយជនជាតិចិន ឈ្មោះ Chen Shijang ក្នុងពេលដែលមកដល់កន្លែងកើតហេតុខាងលើបានបើករថយន្តមកអែបស្ដាំ ដើម្បីបត់បកក្រោយភ្លាមៗស្រាប់ម៉ូតូ honda wave ពណ៌ខៀវខ្ចីគ្មានស្លាកលេងបើកបរដោយជនជាតិខ្មែរ ក្នុងទិសដៅស្របគ្នាក៏បុកប៉ះចំទ្វាររថយន្ដខាងឆ្វេង ផ្នែកខាងក្រោយបណ្ដាលឱ្យបុរស ដែលជាម្ចាស់ម៉ូតូបុកផ្ទប់ជាមួយនឹងទ្វាររួចបោកទៅនឹងថ្នល់ បណ្ដាលអោយរបួសធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ VUN SOKCHEA