(ភ្នំពេញ) ៖ ហេតុការណ៍នេះ បង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥ កែង ផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរំាង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នួន រ៉ាន អាយុ ៥១ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ផ្ទះលេខ១៤០ ផ្លូវលំ ភូមិសាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។

បុរសម្នាក់បានបាត់ខ្លួនពីផ្ទះចំនួន ៣ថ្ងៃ ដល់ពេលសាច់ញាតិរកឃើញស្រាប់តែ ជនរងគ្រោះស្លាប់ក្នុងរថយន្តរបស់គាត់ដោយសភាពហើមស្អុយបាត់ទៅហើយ។

ជនរងគ្រោះ ដែលជាអ្នករត់តាក់ស៊ី បានបាត់ខ្លួនចេញពីផ្ទះចំនួន៣ថ្ងៃមកហើយ ហើយក្រុមគ្រួសារក៏ព្យាយាមទំនាក់ទំនង ទូរស័ព្ទទៅជនរងគ្រោះដែរ តែជនរងគ្រោះមិនលើក រហូតព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ទើបអ្នករត់តាក់ស៊ីដូចគ្នា ឃើញរថយន្តជនរងគ្រោះចតចោលនៅចិញ្ចើមផ្លូវ ក៏ចុះទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ ដោយសភាពហើមស្អុយបាត់ទៅហើយ ក៏បង្កភាពភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ទាំងកម្លាំងសមត្ថកិច្ចចុះមកទីតាំងកន្លែងកើតហេតុ។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យ លើសាកសព រួចសរសេរលិខិតប្រគល់សពជនរងគ្រោះ ឱ្យសាច់ញតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ Sokia