(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះល្បាតការពារ ទប់ស្កាត់ បទល្មើសពេលយប់ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យម្នាក់ សំងំសេពគ្រឿងញៀន និងឆែកឃើញគ្រឿងញៀនជាប់ខ្លួនមួយចំនួន ត្រូវបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ សុខ សុភី ហៅម៉ន ភេទប្រុស អាយុ ៣២ឆ្នាំ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កាលពីយប់ថ្ងៃកើតហេតុ កម្លាំងចុះល្បាតការពារសន្តិសុខនៅតាមភូមិសាស្ត្រក្រុង លុះចំណុចខាងលើ បានប្រទះឃើញយុវជនម្នាក់នៅកន្លែងទីងងឹត ហើយមានការសង្ស័យ ក៏បានហៅមកសួរនាំ និងឆែកឆេរ រកឃើញមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០២កូនថង់តូច និងថ្នាំញៀនយ៉ាម៉ាកន្លះគ្រាប់ ហើយកម្លាំងធ្វើការឃាត់ខ្លួនតែម្ដង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរចម្លើយ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនខាងលើនេះយកមកប្រើប្រាស់ផង និងលក់ផង ហើយលទ្ធផលពិនិត្យរកសារធាតុញៀន វិជ្ជមាន។ ជនសង្ស័យត្រូវកម្លាំងជំនាញខេត្តកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់៕

ដោយ៖ sao nov