ដូច អ្វីដែលប្រិយមិត្តបានជ្រាបនៅពេលកន្លងមក លោកអ្នកបានសិក្សារៀនសូត្រជាច្រើនពីបទពិសោធន៍ ក៏ដូចជាដំបូន្មានយ៉ាងមានតម្លៃនៃភាពជោគជ័យនៅក្នុងអាជីវកម្មពី មហាសេដ្ឋីអាមេរិក Warren Buffett ។ ជាបន្តទៅទៀតនៅថ្ងៃនេះ លោកអ្នកនឹងបានស្វែងយល់បន្ថែមទៀតពីសម្ដីសំខាន់ៗរបស់មហាសេដ្ឋី មានប្រាក់ ៧១,២ ពាន់លានដុល្លារចំនួន ៨ ដូចខាងក្រោមនេះ៖
១) ដុសខាត់គំនិតរបស់អ្នកឲ្យកាន់តែភ្លឺស្វាង «ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើនលើសលប់ក្នុងមួយថ្ងៃៗដើម្បី អង្គុយគិតគ្រប់ច្រកល្ហក។ នេះមិនមែនជារឿងទូទៅឡើយនៅក្នុងពិភពជំនួញរបស់អាមេរិក។ ខ្ញុំចូលចិត្តអាន ហើយចាប់ផ្តើមគិត បន្ទាប់មកស្វែងរកការសម្រេចចិត្តមួយសម្រាប់ខ្លួនឯង។ ខ្ញុំធ្វើដូច្នេះក៏ដោយសារតែខ្ញុំពេញចិត្តជីវិតបែបនេះ»។
២) មុននឹងទៅ ត្រូវដឹងពីអ្វីដែលអ្នកត្រូវទៅ «វាជារឿងល្អប្រសើរដើម្បីទិញក្រុមហ៊ុនដ៏អស្ចារ្យមួយក្នុងតម្លៃ សមរម្យ ជាជាងទិញក្រុមហ៊ុនធម្មតាមួយដែលលក់ក្នុងតម្លៃដ៏ខ្ពស់»។
៣) ត្រូវឆ្លាត និង ដឹងឲ្យប្រាកដ «នៅក្នុងមុខរបរអាជីវកម្ម វាជាគំនិតដ៏អស្ចារ្យមួយដែលខ្ញុំបានព្យាយាមបោះទុនទិញភាគហ៊ុន ដែលផ្ទុយពីមនុស្សល្ងង់អាចរត់គេចចេញពីវា»។
៤) ត្រូវស្គាល់មនុស្សឲ្យបានច្បាស់មុនទំនាក់ទំនង «អ្នកមិនអាចធ្វើឲ្យជីវិតរបស់អ្នកជោគជ័យដោយសារតែមានទំនាក់ទំនងជាមួយមនុស្សមិនល្អនោះឡើយ»។
៥) ត្រូវធ្វើខ្លួនជាមនុស្សម្នាក់ដែលគួរឲ្យគោរព និង មានភាពសុចរិត
«អ្នកបានចំណាយពេល ២០ ឆ្នាំដើម្បីកសាងកិត្តិយសរបស់អ្នក តែវាអាចបាត់បង់ទៅវិញត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ បើអ្នកគិតដល់ចំណុចនេះ អ្នកនឹងធ្វើអ្វីផ្សេងៗគ្នាកាន់តែច្រើនឡើង»។ ៦) ឲ្យតម្លៃទៅលើអ្វីដែលមានតម្លៃបំផុត «ជានិច្ចកាល ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលនឹងបាត់បង់ម្ចាស់របស់វា។ ក្រៅពីសុខភាព ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំ គឺចំណង់ចំណូលចិត្តរបស់ខ្ញុំ ការរស់នៅជាមួយមនុស្សផ្សេងគ្នា និង ការពង្រឹងមិត្តភាពជាមួយមិត្តភក្ដិរបស់ខ្ញុំ»។
៧) ដកថយនៅពេលដែលអ្នកគិតថាចាំបាច់ «ចំណុចដ៏សំខាន់បំផុតនៅពេលដែលអ្នកសង្កេតឃើញថា ខ្លួនអ្នកកំពុងស្ថិតនៅក្នុងរណ្តៅដ៏ជ្រៅមួយ នោះគឺត្រូវឈប់ជីកវាតទៅទៀត»។ ៨) ត្រូវក្លាហាន និង មានទំនុកចិត្ត «ខ្ញុំតែងតែជឿជាក់លើខ្លួនឯងថា ខ្ញុំនឹងក្លាយជាអ្នកមាន។ ខ្ញុំមិនដែលសង្ស័យថា ខ្ញុំមិនអាចក្លាយជាអ្នកមានសូម្បីតែបន្តិច»៕